ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបើកកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៤ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ ២០២៤និងមានចូលរួមពីអនុប្រធានទី២ គ.ជ.គ.ម ទីប្រឹក្សា ជំនួញការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទាំង៥។

កិត្តិសង្គហបណ្ឌិត គន់ គីម បានវាយតម្លៃខ្ពស់និងគោតសសើរទៅដល់មន្ត្រីជំនាញ គ.ជ.គ.ម ដែលតែងខិតខំបំពេញតួនាទីលើការងាររបស់ខ្លួនបានល្អជាប្រចាំនិងចេះសម្របសម្រួលលើការងារគ្រោះមហន្តរាយជាមួយថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដល់មូលដ្ឋានរយមទាំងឆ្លើយតបទាន់ពេលវេលាផងដែរ។ កិត្តិសង្គហបណ្ឌិតបានលើកឡើងថាព្រហរាជាណាចក្រកម្ពុជានៅក្នុងខែតុលានេះ ស្ថានភាពអាកាសធាតុនៅកម្ពុជា ស្ថិតនៅក្នុងអន្តរកាលនៃការផ្លាស់ប្តូររបបខ្យល់មូសុង និរតី ទៅមូសុងឦសាន ដែលក្នុងនេះខ្យល់បកភាគច្រើនមកពីទិសអាគ្នេយ៍ និងខាងកើត មុននឹងមានខ្យល់ ធ្លាក់មកពីទិសឦសាននៅពេលខាងមុខ នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ប៉ុន្តែភាគច្រើនមិនមានបរិមាណច្រើនទេ។ ស្ថានភាពទូទៅនៃគ្រោះមហន្តរាយទឹកជំនន់ ការជន់លិចលើកទី២ របស់ទន្លេមេគង្គ បានឡើងជិតដល់កម្ពស់ប្រុងប្រយ័ត្ននៅតាមបណ្តាស្ថានីយ ជលសាស្ត្រតាមដងទន្លេ និងបង្កឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួន រួមជាមួយនឹងបរិមាណទឹកភ្លៀង ដែលកើតមានជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រ និងបានហូរចូលព្រែកជាដៃទន្លេបានមួយចំនួនធំ ដែលមាន អំណោយផលល្អដល់ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋតាមដងទន្លេ ក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារដាំដុះ ដំណាំកសិកម្ម។

ចាប់ពីដំណាច់ខែកញ្ញាមក ទឹកទន្លេមេគង្គចាប់ផ្តើមមានការស្រកចុះជាបន្តបន្ទាប់ និងលែងមានការជន់ ឡើងទៀតហើយសម្រាប់ឆ្នាំ២០២៤ នេះ។ ដោយមានការគាំទ្រ ពីរាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏បាននឹងកំពុងចែកគ្រាប់ពូជស្រូវជូនកសិករសម្រាប់ការស្តារ ឡើងវិញនៅតាមតំបន់ដែលមានលទ្ធភាពដាំដុះឡើងវិញបាន។ខេត្តចំនួន ១០ មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ព្រៃវែង កណ្តាល និងខេត្តប៉ៃលិន ប៉ះពាល់សរុប ដំណាំស្រូវ ២៩.៩១៥ហិកតា ដំណាំទ្រទ្រង់សេដ្ឋកិច្ច ១.១១៦ហិកតា ដំណាំស្បៀង រួមផ្សំ ១.០៤១ហិកតា,ដំណាំស្បៀងរួមផ្សំ ៨៩៦ហិកតា ។

កិត្តិសង្គហបណ្ឌិត គន់ គីម បន្តថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិបានសម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយនៃក្រសួង ស្ថាប័ន ជំនាញ និងអាជ្ញាធរមូលដ្ឋាន ជម្រុញ ទឹកចិត្តក្នុងការផ្សព្វផ្សាយបន្តនៅថ្នាក់ក្រោមជាតិនូវផែនការសកម្មភាពជាតិសម្រាប់ការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ២០២៤-២០២៨។ សម្របសម្រួល ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ដើម្បីចែករំលែក ព័ត៌មានកៀរគរការគាំទ្រ និងឧបត្ថម្ភសម្រាប់ធ្វើការឆ្លើយតបក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៤ ទាំង មធ្យោបាយសម្ភារ និងការត្រៀមបង្ការ។ ពង្រឹងសមត្ថភាព និងលទ្ធភាពសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោម កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធនានាផងដែរ។ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងមជ្ឈមណ្ឌល អាហាក្នុងក្របខណ្ឌអាស៊ាន – អាស៊ានមួយ ការឆ្លើយតបមួយ”៕

ដោយ៖ សូរិយា


ចែករំលែក៖