ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្ដីពី ការវិភាជន៍លើសេវាសង្គមប្រចាំឆ្នាំរបស់រដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិសណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាប លោក អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ ជ្រាបថា ក្រសួងមហាផ្ទៃសូមធ្វើការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌទាំង១៤ ដែលបានយកចិត្តទុកដាក់ជំរុញ និងគាំទ្រក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្តផែនការ សកម្មភាពគម្រោងសេវាសង្គម និងបានវិភាជន៍ថវិកាគម្រោងសេវាសង្គមទៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ខ្លួន ជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយនូវតម្រូវការចាំបាច់ និងបញ្ហាប្រឈមជាអាទិភាពផ្នែកសង្គមចំពោះស្ត្រី កុមារ ចាស់ជរា ជនមានពិការភាពដែលជាជនងាយរងគ្រោះ និងសកម្មភាពដទៃទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះ ដើម្បីបន្តផ្តល់អាទិភាព និងជំរុញការអនុវត្តសកម្មភាពគម្រោងសេវាសង្គម សំដៅលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកជួបការលំបាក និងជនងាយរងគ្រោះនៅតាមរដ្ឋបាលខណ្ឌ នីមួយៗប្រកបដោយសមធម៌ និងបរិយាបន្ន ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់រដ្ឋបាលរាជធានីភ្នំ ជំរុញដល់រដ្ឋបាលខណ្ឌដោយអនុវត្តនូវកិច្ចការមួយចំនួនដូចតទៅ៖

១. ត្រូវធ្វើការណែនាំដល់រដ្ឋបាលខណ្ឌឱ្យលើកគម្រោង និងវិភាជន៍ថវិកាដើម្បីអនុវត្តសកម្មភាព គម្រោងសេវាសង្គមយ៉ាងតិច១០% (ដប់ភាគរយ) ធៀបនឹងថវិកាគុណប្រយោជន៍ប្រចាំឆ្នាំចាប់ពីឆ្នាំ២០២៥ តទៅ។

២. ត្រូវចាត់ឱ្យទីចាត់ការពាក់ព័ន្ធ ដើម្បីគាំទ្រដល់រដ្ឋបាលខណ្ឌក្នុងការសិក្សាស្វែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ជាអាទិភាពផ្នែកសេវាសង្គមរបស់ប្រជាពលរដ្ឋដែលបានកើតឡើងជាក់ស្តែង នៅក្នុងមូលដ្ឋានរបស់រដ្ឋបាលខណ្ឌនីមួយៗ ដើម្បីគ្រោងថវិកាសម្រាប់អនុវត្តសកម្មភាពគម្រោងសេវាសង្គម នានាឱ្យបានសមស្របដោយត្រូវប្រើប្រាស់បញ្ជី(ជម្រើស) មុខសញ្ញាចំណាយគម្រោងសេវាសង្គមសម្រាប់ធ្វើ ជាជំនួយស្មារតីក្នុងការគ្រោងថវិកាសេវាសង្គមស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃតាមរយៈ លិខិតលេខ២១៦០ សជណ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

៣. ត្រូវធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់អនុវត្តសកម្មភាពគម្រោងសេវាសង្គម និងវិភាជន៍ថវិកាឱ្យបានត្រឹមត្រូវតាមវិស័យនីមួយៗស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល និងកញ្ចប់ថវិកាប្រចាំឆ្នាំ។

៤. ត្រូវធ្វើការណែនាំដល់រដ្ឋបាលខណ្ឌឱ្យរៀបចំរបាយការណ៍ស្តីពីការអនុវត្តសកម្មភាពគម្រោង និងថវិកាសេវាសង្គម ដើម្បីគណនារកសមាមាត្រនៃការវិភាជថវិការសេវាសង្គមដូចមានក្នុងតារាងគំរូរបាយការណ៍ ជូនភ្ជាប់រួមមាន៖ (១) លទ្ធផលនៃការអនុវត្តសកម្មភាពគម្រោងសេវាសង្គមប្រើប្រាស់ថវិការដ្ឋបាលខណ្ឌ ប្រចាំឆ្នាំ (ឧបសម្ព័ន្ធI) (២)វឌ្ឍនភាពនៃការអនុវត្តសកម្មភាពគម្រោងសេវាសង្គមប្រើប្រាស់ថវិការដ្ឋបាល ខណ្ឌប្រចាំឆ្នាំ (ឧបសម្ព័ន្ធII) និង (៣).ផែនការសកម្មភាពគម្រោងសេវាសង្គមប្រើប្រាស់ថវិការដ្ឋបាលខណ្ឌប្រចាំ (ឧបសម្ព័ន្ធIII)។ រដ្ឋបាលខណ្ឌត្រូវរៀបចំរបាយការណ៍ទាំងនេះ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ រួចផ្ញើជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យ និងបូកសរុបរួមជូនមកក្រសួងមហាផ្ទៃ។

អាស្រ័យហេតុនេះ សូមលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជ្រាប និង ចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖