ក្លិបបិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែបម្រើ Konrad Laimer របស់ Bayern Munich បន្ទាប់ពីមានរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់ថា គ្រូបង្វឹកថ្មីលោក Ruben Amorim កំពុងចាប់អារម្មណ៍លើកីឡាករវ័យ២៧ឆ្នាំរូបនេះ។
Laimer មិនមែនជាកីឡាករលេងគ្រប់ពេលនោះទេ ជាកីឡាករក្រុមដែលគួរឲ្យទុកចិត្តដែលអាចជាទ្រព្យសម្បត្តិសម្រាប់ United ដែលកំពុងសម្លឹងរកការកសាងគ្រឹះឡើងវិញដើម្បីប្រជែងជាមួយក្រុមខ្លាំងៗអង់គ្លេស និងអឺរ៉ុបម្ដងទៀត។
Laimer បានទាក់ទាញចំណាប់អារម្មណ៍របស់លោក Amorim ដែលជាគ្រូបង្វឹកដែលកំពុងស្វែងរកការដឹកនាំខ្លួនរបស់គាត់ឲ្យប្រសើរឡើងវិញនៅក្លិបបិសាចក្រហម ទោះបីជាមិនមែនតាមរយៈការចំណាយដ៏សំខាន់ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយសារព័ត៌មាន SPORT BILD បានរាយការណ៍រួចហើយក្នុងការឆ្លើយតបថា កីឡាកររូបនេះសប្បាយចិត្តនៅជាមួយ Bayern សូម្បីតែជាកីឡាករដែលមិនតែងតែចាប់ផ្តើម ហើយមិនគិតពីការផ្ទេរក៏ដោយ។
កិច្ចសន្យារបស់គាត់នៅទីក្រុង Munich បន្តរយៈពេល២ឆ្នាំកន្លះទៀតរហូតដល់ឆ្នាំ២០២៧ ដែលមានន័យថា អនាគតរបស់គាត់ក៏មានសុវត្ថិភាពផងដែរទាំងពីទស្សនៈរបស់គាត់ និងក្លិប Bayern។
Laimer ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកកីឡាករក្នុងក្រុមដែលត្រូវបានអ្នកគាំទ្រដោយក្លិប Bayern សរសើរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុនសម្រាប់ទម្រង់លេងរបស់គាត់ក្នុងការយកឈ្នះ ១-០ នៅ Champion League លើក្រុម Paris Saint-Germain។ ទោះបីជាចាញ់ក្រុម Bayer Leverkusen កាលពីយប់ថ្ងៃអង្គារ ដែលជាការប្រកួតដែល Manuel Neuer ត្រូវបានបណ្តេញចេញក្រោយ១៧នាទីក៏ដោយ ក៏អ្នកគាំទ្រនៅតែចាប់អារម្មណ៍លើកីឡាករអូទ្រីសរូបនេះ។
នៅកម្រិតអន្តរជាតិ Laimer លេងជាមួយអតីតកីឡាករខ្ចីជើងរបស់ United កីឡាករ Marcel Sabitzer និងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកបណ្ដោះអាសន្នលោក Ralf Rangnick ដែលត្រូវបានគេរាយការណ៍ថា បានផ្តល់អនុសាសន៍ឱ្យ Laimer ទៅកាន់បិសាចក្រហមក្នុងអំឡុងពេលដែលគាត់កំពុងកាន់តំណែង។ ដើមឡើយគាត់បានចូលរួមនៅក្នុងក្លិបសម្ព័ន្ធ Red Bull ដោយចេញពីក្រុមយុវជននៅ Salzburg មុនពេលផ្ទេរទៅ Leipzig ឆ្នាំ២០១៧ ហើយគាត់បានចូលរួមជាមួយ Bayern ក្នុងឆ្នាំ២០២៣។
នៅ Old Trafford បច្ចុប្បន្នលោក Amorim មាន Casemiro, Kobbie Mainoo, Manuel Ugarte និង Christian Eriksen ដែលអាចរកបានសម្រាប់គាត់នៅតំបន់កណ្តាល។ វាក៏មានលទ្ធភាពដែលសម្រាប់ប្រធានក្រុម Bruno Fernandes កាន់កាប់តួនាទីដ៏សំខាន់ក្នុងតំបន់កណ្តាល បើទោះបីជាមិនដំណើរការសម្រាប់កីឡាករព័រទុយហ្គាល់រូបនេះក្នុងការប្រកួត Europa League ថ្មីៗនេះជាមួយក្រុម Bodo/Glimt ក៏ដោយ ដោយ Man United មានការវាយលុកខ្លាំងពេកនៅពាក់កណ្តាលតង់ទីមួយ។
គួរបញ្ជាក់ថា ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុម Arsenal កាលពីរាត្រីថ្ងៃពុធ ក្នុងការប្រកួតសប្តាហ៍ទី១៤ នៅ Premier League ក្រុមរបស់លោក Amorim កំពុងឈរលេខរៀង១១ ដោយមានតែ១៩ពិន្ទុប៉ុណ្ណោះ។ ការប្រកួតបន្ទាប់ Man Utd នឹងត្រូវប៉ះក្រុមភ្ញៀវ Nottingham Forest នៅថ្ងៃទី៨ ខែធ្នូខាងមុខសម្រាប់សប្តាហ៍ទី១៥នៅលីកកំពូលអង់គ្លេស ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min)