ព័ត៌មានទាន់ហេតុការណ៍៖

សភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី ស្នើភាគីកម្ពុជាពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ចក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ដែលដឹកនាំដោយ លោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសស៊ែប៊ី និង លោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងពង្រីកការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌការទូតសេដ្ឋកិច្ច។ 

ជាមួយគ្នានេះ លោកអគ្គលេខាធិការរងរូបនេះ​ បានជម្រាបជូនភាគីមិត្តអំពីសាវតារនៃការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគដែលរាជរដ្ឋាភិបាលតែងតែធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។ 

បន្ថែមពីនេះ លោកក៏បានបង្ហាញសុទិដ្ឋិនិយមថាជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ីនឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិសឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។     

ជាកិច្ចបន្ត លោកស្រីប្រធានបានសម្តែងនូវសេចក្តីរីករាយសម្រាប់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកពីប្រទេសស៊ែប៊ី។ ស្របគ្នានេះ លោកស្រីក៏បានជម្រាបជូនអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសភាពាណិជ្ជកម្ម និងឧស្សាហកម្ម និងបង្ហើបអំពីលទ្ធភាពក្នុងការរឹតចំណងកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។ 

មុននឹងបញ្ចប់ លោកស្រីបានយកឱកាសដ៏ប្រពៃនេះស្នើភាគីកម្ពុជាពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ចក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជាជូនចំពោះសហគមន៍ធុរកិច្ចក្នុងតំបន់ Balkans៕


ចែករំលែក៖