ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានយកប៊ីដុង ប្រេងសាំង៣០លីត្រចាក់រំលែកចូលដប លក់នៅក្បែរប្តីកំពុងអ៊ុតពោះវៀនម៉ូតូបង្កជាគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចតូបជួលជុលម៉ូតូនិងលក់ប្រេងសាំងមួយកន្លែង តាមបណ្តោយផ្លូវលេខ១០៨ជាប់របងមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងភូមិក្រពើហា សង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ ។
ករណីនេះបណ្តាលឲ្យស្ត្រីជាប្រពន្ធនិងកូនស្រីជាងជួសជុលម៉ូតូរងរបួស រីឯម៉ូតូ មួយគ្រឿងដែលគេដឹងថា ជាកម្មសិទ្ធិរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលយក មកប៉ះអ៊ុតត្រូវបានឆាបឆេះនៅសល់តែគ្រោងឆ្អឹងក្នុងមួយប៉ប្រិចភ្នែក ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជាងជួសជុលម៉ូតូនោះឈ្មោះ វ៉ែន តូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី លើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅត្រង់ចំណុចកើតហេតុខាងលើ និងប្រពន្ធឈ្មោះ ធី ណាវី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ(រងរបួសដៃនិងជើងខាងស្តាំ រីឯកូនស្រីឈ្មោះ តូ ស្រីនី អាយុ២ឆ្នាំ រងរបួសលើផ្ទៃមុខ។ ចំណែកឯម៉ូតូដែល ត្រូវបានភ្លើងឆាបឆេះនោះម៉ាកRSX ស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខកណ្តាល 1P-1771 ជាកម្មសិទ្ធិរបស់ឈ្មោះ រស់ រដ្ឋារិទ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខ របរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល មានទីលំនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសជាមន្ត្រី កងរាជអាវុធហត្ថខេត្តកណ្តាលបណ្តើរម៉ូតូចូលទៅប៉ះកង់នៅត្រង់ចំណុចកើតហេតុខាងលើនេះ។ ពេលទៅដល់ជាងក៏បានគាស់ ប៉ះអ៊ុតទុកចោល ខណៈនោះស្ត្រីជាប្រពន្ធជាងជួសជុលម៉ូតូបានយកប៊ីដុងប្រេងសាំងទៅចាក់រំលែកចូលដបតូចៗដើម្បីតាំងលក់ ដោយសារតែខ្វះការប្រុងប្រយ័ត្នធ្វើឲ្យប្រេង សាំងហូរចេញមកក្រៅចំប្រដាប់អ៊ុតពោះវៀនម៉ូតូធ្វើឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យម៉ូតូឆេះនៅសល់តែគ្រោងឆ្អឹង ។ រីឯស្ត្រីជាប្រពន្ធ និងកូនជាងជួសជុល ម៉ូតូរងរបួសផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង បុរសជាងជួសជុលម៉ូតូបានសម្រេចសងសំណងទៅម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងហើយ បានបញ្ជូនប្រពន្ធកូនទៅព្យាបាលនៅមន្ទីរ ពេទ្យ ៕ ស្អាងជ័យ