ខេត្តបាត់ដំបង៖ កាលថ្ងៃទី០៨ខែធ្នូ ឆ្នាំ ២០២៤ ដោយបានការអនុញ្ញាត្តពីលោក កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនាំខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖
១-ឈ្មោះ ភន ផាន់រ៉ា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល(អ្នកសមគំនិត)
២-ឈ្មោះ សេង គឹមណៃ ហៅ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុថ្មគោល។
៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគីស្រុកថ្មគោល។
ទាំង០៣នាក់ពាក់ព័ន្ធក្នុងករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរស្រាវជ្រាវដោយក្នុងនោះដកហូតបាន៖
-រថយន្ត០១គ្រឿងម៉ាកហាយព្រីត ពណ៌ស្ករស៊េរី២០០៧ ពាក់ផ្លាកលេខភ្នំពេញ2AH-2384 (គ្មានឯក សារត្រឹមត្រូវ)
-ម៉ូតូចំនួន០៣គ្រឿង(ម៉ាកហុងដាស៊េរី២០២៤ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង ម៉ាកហុងដាស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JA-8853 ០១គ្រឿងនិងម៉ាកហុងដាស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ ផ្លាក លេខភ្នំពេញ1KC-5738(ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព)
-ផ្លាកលេខម៉ូតូចំនួន០២សន្លឹក (កំពង់ស្ពឺ1 X-9463ចំនួន០១សន្លឹក និងភ្នំពេញ1KQ-7440)
-ខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងពណ៌សចំនួន០៩ខ្សែ មានបន្តោងចំនួន០៦ ក្នុងនោះមានរបស់ជនរង គ្រោះចំនួន០១ខ្សែ
-ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងសចំនួន០៤វង់
-បន្តោងខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០២
-ខ្សែដៃធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០១
-ទូរស័ព្ទដៃចម្រុះចំនួន២៧ គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១០ សន្លឹក
-កាតទូរស័ព្ទស្មាត metfone cellcardចំនួន៥៤សន្លឹក
-កាបូបក្រវ៉ាត់ចង្កេះចំនួន០៧.កាបូបដៃចំនួន០២
-មួកសុវត្ថិភាពចំនួន០៤(ខ្មៅ០៣.ស០១)
-កាំបន្ទះម៉ូតូពណ៌ខ្មៅចំនួន០២
-ប្រាក់បាតចំនួន១.០៩០បាត
-ប្រាក់ដុល្លារចំនួន០៧ដុល្លារ
-ប្រាក់រៀលចំនួន១៧.២០០រៀល
-ប្រាក់កូរ៉េចំនួន១.០០០ និងសម្ភារៈមួយចំនួនទៀត។
ចំពោះមូលហេតុដែលឈានដល់ការនាំខ្លួននេះគឺកាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ភុន ស្រីចាន់ ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងនិងខេត្ត បាត់ដំបង ទាក់ទងនឹងករណីឆក់យកទ្រព្យសម្បត្តិ ក្នុងពេលដែលជនរងគ្រោះធ្វើដំណើរ តាមផ្លូវក្នុងមូលដ្ឋានភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយត្រូវបានជនសង័្សយជិះម៉ូតូ ធ្វើសកម្មភាពឆក់យកទ្រព្យ សម្បត្តិរបស់គាត់ គេចខ្លួនបាត់ហើយផ្តើមពីពាក្យបណ្តឹងនេះ សមត្ថកិច្ចក៏ផ្តើមស្រាវជ្រាវ រហូតកំណត់ មុខសញ្ញាបាននិងនាំខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយបានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាត់ដំបង និងស្រុកថ្មគោល ជាសរុបប្រមាណជិត១០ លើកកន្លងមកហើយ ទើបពេលនេះសមត្ថកិច្ចបង្រ្កាបបាន ។
ក្នុងចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាល មានការស័ង្សយថា ជាចម្លើយត្រួសៗតែប៉ុណ្ណោះ អាចមានសកម្មភាពលើសពីចំនួនខាងលើទៀត ដែលពួកគេធ្វើក្នុងរយៈពេល កន្លងមក ហេីយសមត្ថកិច្ចនឹងពិនិត្យស្រាវជ្រាវបន្ថែមទៀត ពិសេសពាក់ព័ន្ធជាមួយវត្ថុតាងដែលដកហូតបាន។
ពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីហើយ៕
ដោយ៖ សូរិយា