ព័ត៌មានទាន់ហេតុការណ៍៖

មេគយ រ៉ិច គង់ មានវិធានការបង្ក្រាប​ ឬទុកឈ្មួញ​ជិត១០នាក់ដឹកទំនិញគេចពន្ធសម្រាប់ជាសេដ្ឋកិច្ច?

ចែករំលែក៖

ខេត្តប៉ៃលិន៖ រាប់សិបឆ្នាំមកហើយ គយ តែងតែរក្សាទុកមេឈ្មួញសំខាន់ៗពី៦ទៅ៧នាក់ ក្នុងការដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន បង់ពន្ធនាំចូលមិនគ្រប់ ។ ករណីបែបនេះ ត្រូវបានបែកធ្លាយ ហើយលោក ម៉ៅ សំអឿន ត្រូវបានអស់តំណែង បន្ទាប់ពីកាន់ជាប្រធានការិយាល័យ គយ និងរដ្ឋាករច្រកអន្តរជាតិព្រំ បានរយៈពេល១ឆ្នាំ ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយក្រុមឈ្មួញទាំងនេះ ។ ថ្មីៗនេះ លោក រ៉ិច គង់ ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំជំនួសតំណែងលោកម៉ៅ សំអឿន ដែលថ្នាក់លើដកយកទៅបញ្ឈរជើង ។ បើទោះបីជា មានការដោះដូរ គេមិនទាន់រំពឹងថា កំណែទម្រង់នៅច្រកមួយនេះទទួលបានលទ្ធផលបែបណា សម្រាប់កំណើនចំណូលពន្ធ ក៏ដូចជាទប់ស្កាត់រាល់ទំនិញគេចពន្ធហូរចូល តាមរយៈប្រើរូបភាពឃុបឃិតគ្នាជាមួយគយ បង់ពន្ធមិនគ្រប់នោះនៅឡើយទេ ។

កន្លងទៅ លោក រ៉ិច គង់ អតីតតួនាទីជាអនុប្រធានការិយាល័យ គាត់ពិតជាទទួលស្គាល់ថា ខ្លួនបានចំណែកក្នុងកម្រិតណា ជុំវិញអំពើពុករលួយ ដែលប្រធានស្នាក់ការធ្លាប់បានបែងចែក និងឈ្មួញណាខ្លះជាមុខសញ្ញាបង់ពន្ធមិនគ្រប់? ដូច្នេះ ក្នុងតំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំ ប្រសិនលោក រ៉ិច គង់ មានវិធានការទប់ស្កាត់ អាចជាលទ្ធផលដែលចំណូលពន្ធត្រូវកើនឡើង ប៉ុន្តែអាចនឹងបាត់ប្រយោជន៍លក្ខណៈបុគ្គលខ្លួនឯង និងសម្រាប់ប្រធាន អនុប្រធានសាខា ដែលមានទម្លាប់ចាំទទួលផលពីអំពើទំនិញគេចពន្ធនេះ ។

គេបានទម្លាយថា រាប់សិបឆ្នាំមកហើយ រាល់ទំនិញគេចពន្ធទាំងឡានយីឌុបៗ ក៏ដូចជាកុងតឺន័រ សម្រាប់ទំនិញនាំចូល ដែលត្រូវបង់ពន្ធខ្ពស់ គេបានប្រើរូបភាពបង់ត្រឹមតែ៣០ទៅ៤០ភាគរយប៉ុណ្ណោះ និងបង់ត្រឹមតែជាទំនិញចម្រុះ និងធូបផ្សារ ជាមុខរបរបានសុខសាន្តរវាងឈ្មួញ នឹងគយ ។ ក្នុងនោះ សូម្បីតែសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រក ដែលមានតួនាទីតាមអនុក្រឹត្យ ក៏ទទួលបានកម្រៃ ប៉ុន្តែមិនជាធំដុំដូចគយនោះឡើយ ។ រាល់ទំនិញគេចពន្ធឆ្លងកាត់តាមច្រកអន្តរជាតិព្រំ ក៏អាចពាក់ព័ន្ធនឹងការបើកភ្លើងខៀវ ឬជាអំពើពុករលួយលក្ខណៈប្រព័ន្ធរវាងប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំ ជាមួយសាខាផងដែរ ។ គេបានបញ្ជាក់ថា រថយន្តកុងតឺន័រ ភាគច្រើនត្រូវបានដឹកប្រភេទជារថយន្តទំនើបៗកាត់ត ដែលគេបង់ពន្ធប្រភេទជាគ្រឿងបន្លាស់ ដោយមានចេតនាបំបាត់ពន្ធនាំចូលរបស់រដ្ឋយ៉ាងធ្ងន់ ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានដាក់មន្ត្រីយ៉ាងតិច៤ទៅ៥នាក់ ស៊ើបអង្កេតស្រាវជ្រាវជុំវិញអំពើពុករលួយ និងភាពមិនប្រក្រតីក្រោយការគ្រប់គ្រងដោយលោក ម៉ៅ សំអឿន អាចនឹងដឹងពីទំនិញគេចពន្ធ ដែលឈ្មួញប្រើរូបភាពបែបណា ហើយមន្ត្រីគយណាខ្លះដែលជាប់ពាក់ព័ន្ធ ដូចអ្វីដែលថ្នាក់លើបានដកលោកម៉ៅ សំអឿន ទៅបញ្ឈរជើង ហើយត្រូវបានតែងតាំងលោក រ៉ិច គង់ ជំនួស ។ ដូច្នេះ តើសម្រាប់ជាលទ្ធផលលោកប្រធានសាខា ក៏ដូចជាមេគយច្រកអន្តរជាតិព្រំ អាចនឹងមានវិធានការ ហាមឃាត់ ឬបង្ក្រាបបានទេនូវមុខសញ្ញាឈ្មួញដដែលៗ ភាគច្រើនជាអ្នកស្និទ្ធស្នាលជាមួយខ្លួននោះ បញ្ឈប់ឲ្យបង់ពន្ធតាមរបៀបទំនិញចម្រុះ ឬធូបផ្សារ ដូចវប្បធម៌យោគយល់តទៅទៀត ឬមួយយ៉ាងណា បើឈ្មួញទាំងនោះសុទ្ធតែនាំទំនិញប្រភេទបង់ពន្ធនាំចូលខ្ពស់ ។ ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងបានទេពីលោក រ៉ិច គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំ ដែលទើបនឹងឡើងកាន់តំណែងថ្មោងថ្មី កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែមន្ត្រីគយបានទម្លាយថា ទាំងប្រធានសាខា និងប្រធានការិយាល័យ កំពុងរកវិធីជួបជុំពិភាក្សាគ្នាថា ត្រូវចាត់វិធានការទាញ់យកប្រភពសេដ្ឋកិច្ចដោយរបៀបណា ហើយឲ្យឈ្មួញទាំងនោះធ្វើបែបណា ខណៈនៅរសើបនៅឡើយចំពោះការដកតំណែងលោកម៉ៅ សំអឿនថ្មីៗនេះ ។ ដោយឡែកលោក ទុំ ណូន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន ក៏មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល និងត្រូវបានចុចបិទ ។ ប៉ុន្តែលោក ទុំ ណូន ធ្លាប់ប្រាប់ឲ្យដឹងផងដែរកន្លងទៅថា ករណីនោះពិតជាធ្លាប់មានមែន តែតិចតួច លោកក៏ខិតខំធ្វើកិច្ចការនេះ ដើម្បីឲ្យមានការបង់ពន្ធត្រឹមត្រូវ ។ ម្យ៉ាងទៀតចំពោះករណីរថយន្តកុងតឺន័រដឹករថយន្តកាត់តនោះ មិនមានទេ គឺមានមែន តែទំនិញ ដែលដឹកយកទៅស្តុកទុកនៅផែស្ងួតជិតទីនោះប៉ុណ្ណោះ ៕ សុខ ខេមរា

 

IMG_5822 IMG_5821 IMG_5820 IMG_5819 IMG_8580

 


ចែករំលែក៖