ខេត្តកណ្តាលៈ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្ម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល រឹបអូសឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើស ទី១-ឈ្មោះ ស៊ន សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ រស់ សូ ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបររថយន្ត និងទី៣-ឈ្មោះ រស់ សាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ។ ជនល្មើសទាំង៣នាក់មានទីលំនៅក្នុងភូមិខ្លាកូន ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពដដែលបានបន្តថា ជនល្មើសទាំង៣នាក់ខាងលើនេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋាន ដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសទាំង៣នាក់ទិញគ្រឿងញៀនយកទៅសំងំប្រើប្រាស់នៅក្នុងផ្ទះ ទើបសមត្ថកិច្ចឆ្មក់ចូលទៅបង្រ្កាបតែម្តង ។
ជនល្មើសទាំង៣នាក់បានសារភាពថា នៅមុនពេលចាប់ខ្លួនពួកគេបានចូលលុយគ្នាទិញថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូចក្នុងតម្លៃ២០.០០០រៀល យកមកប្រើប្រាស់នៅក្នុងផ្ទះ ខណៈប្រើអស់ក៏ត្រូវសមត្ថកិច្ចចូលទៅបង្រ្កាបឃាត់ខ្លួនតែម្តង ៕ស្អាងជ័យ
សូមអានបន្ត ៖មេគយ រ៉ិច គង់ មានវិធានការបង្ក្រាប ឬទុកឈ្មួញជិត១០នាក់ដឹកទំនិញគេចពន្ធសម្រាប់ជាសេដ្ឋកិច្ច?