ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់កាប់អ្នកលក់បន្លែ២ពូថៅរបួសធ្ងន់ រួចហែលទឹកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

កណ្តាលៈ ជនសង្ស័យម្នាក់ប្រដាប់ដោយពូថៅ បានធ្វើសកម្មភាពស្ទុះកាប់ប្រហារអ្នកលក់បន្លែ បណ្តាលឲ្យរងរបួសក្បាលយ៉ាងធ្ងន់ រួចលោតចូលទៅក្នុងទឹកហែលឆ្ពោះទៅកាន់កោះចំរើនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់នេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ទូកដររបស់ឈ្មោះ សួ ស៊ីម (ត្រើយខាងលិច) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនល្មើសឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ ។ ចំណែកឯជនរងគ្រោះឈ្មោះ ខន ម៉ារ៉េន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងលក់ដូរ មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក (រងរបួសក្បាល០២កន្លែងយ៉ាងធ្ងន់ធ្ងរ) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកបន្លែពីផ្ទះឆ្លងទូកដរទៅលក់នៅត្រើយខាងលិចស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ។ បន្ទាប់ពីលក់បន្លែអស់ជនរងគ្រោះបានដើរមកអង្គុយរាប់លុយនៅត្រង់ចំណុចកំពង់ចម្លង ខណៈនោះស្រាប់តែជនល្មើសកាន់ពូថៅស្ទុះចូលទៅកាប់ជនរងគ្រោះត្រូវចំក្បាលចំនួន២ពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបកាន់ពូថៅលោតចូលទៅក្នុងទឹកហែលឆ្លងឆ្ពោះទៅកាន់កោះចំរើនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

សមត្ថកិច្ចនៅពុំទាន់ដឹងថា ការកាប់ប្រហារគ្នានេះផ្តើមចេញពីមូលហេតុអ្វីនោះទេ គ្រាដែលជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯជនល្មើសកំពុងរត់គេចខ្លួន។បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកលើកដែកកំពុងបន្តស្រាវជ្រាវ ដើម្បីឈានដល់ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕ស្អាងជ័យ

 

aes (3) aes (2) aes (1) aes


ចែករំលែក៖