រដ្ឋកាតា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីដូហា រដ្ឋកាតា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីដូហា រដ្ឋកាតា ក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ដើម្បីបន្តដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រដ្ឋសភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕
ដោយ៖ តារា