ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ តើមណ្ឌលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានទីតាំងនៅកន្លែងណាខ្លះ?

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ចក្ខុវិស័យចម្បងមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី គឺពង្រឹងការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព ប្រសិទ្ធភាព និងបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ។ 

លោកអ្នកនាំពាក្យរូបនេះ​ បានបន្តថា​ មកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកការផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទទួលបានការគាំទ្រសាទរជាច្រើនពីប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានមកទទួលសេវាផ្ទាល់ នៅទីតាំងមណ្ឌលផ្ដល់សេវាសាធារណៈ ដោយបច្ចុប្បន្នមាន៧ទីតាំង រួមមាន៖ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ អ៉ីអនម៉លសែនសុខ អ៉ីអនម៉លមានជ័យ ជីប ម៉ុងណូរ៉ូម៉ល(ផ្អាកដំណើរការដោយផ្សារកំពុងជួសជុល) ហេរីថេកវ៉ក សៀមរាប ,ហ្វូរីថាមសឃ្វែរ ម៉ល ព្រះសីហនុ និងកំពុងរៀបចំបន្ថែមមណ្ឌលសេវានៅទីតាំងមួយចំនួនទៀត។ 

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​ អំពាវនាវ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការគាំទ្រការផ្តល់សេវាសាធារណៈ របស់ក្រសួង និងមកទទួលសេវាដោយផ្ទាល់ ដើម្បីចំណេញពេលវេលា និងមិនមានចំណាយក្រៅផ្លូវការ។ ព័ត៌មានបន្ថែមពាក់ព័ន្ធសេវាសាធារណ: សូមធ្វើការទាក់ទងតាមរយៈទូរស័ព្ទ HOTLINE 1275 ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕

ដោយ​៖ តារា​


ចែករំលែក៖