ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខជនសង្ស័យ១៣នាក់ពាក់ព័ន្ធករណីលួច ឆក់ ប្លន់​ និងបង្កហិង្សា​ រួចបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ១៣នាក់ ពាក់ព័ន្ធករណីលួច ឆក់ ប្លន់​ និងបង្កហិង្សា​ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ​ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ រួចយកទៅបង្ហាញមុខរួមគ្នាជាសាធារណៈនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។

តាមប្រភពពីនគរបាលឲ្យដឹងថា  ជនសង្ស័យ ១៣នាក់ខាងលើនោះមាន០៨នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ , ០២នាក់ ពាក់ព័ន្ធប្រើហិង្សា , ០២នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀតពាក់ព័ន្ធករណីវាយប្លន់  ក្នុងនោះកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូលស្រាវជ្រាវឃាត់បានចំនួន ៥នាក់,កម្លាំងអធិកាដ្ឋានខណ្ឌព្រែកព្នៅស្រាវជ្រាវឃាត់បាន១នាក់,កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៥នាក់និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់។

តាមនគរបាលឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន ៥ ករណីផ្សេងគ្នាប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋានខណ្ឌចំនួន០៤ ក្នុងរាជធានីភ្នំពេញ រួមមានៈ ខណ្ឌកំបូល , ខណ្ឌឬស្សីកែវ , ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ ។ 

១ករណី អំពើ លួច (ប្រើដែកកែច្នៃចុងស្រួច លួចកាច់សោរកម៉ូតូ) នៅចំណុចលើខ្នងប្រឡាយ ផ្លូវប្រឡាយ ភូមិខ្ចៅ សង្កាត់ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ០០នាទី។

២. ករណី អំពើ (ប្រើដែកកែច្នៃចុងស្រួច លួចកាច់សោរកម៉ូតូ) នៅចំណុចមុខបន្ទប់ជួល ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៩ និង ០០នាទី។

៣. ករណី អំពើ លួច(ប្រើដែកកែច្នៃចុងស្រួច លួចកាច់សោរកម៉ូតូ) នៅចំណុចមុខបន្ទប់ជួល ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៨ និង ៣០នាទី។

៤. ករណី អំពើ លួច(ប្រើដែកកែច្នៃចុងស្រួច លួចកាច់សោរកម៉ូតូ) នៅចំណុចតាមផ្លូវ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទីមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ពេលព្រឹក ចំនួន ០៣ករណី។

៥ . ករណី អំពើ ហិង្សាដោយចេតនា(ប្រើកាំបិតប៉័ងតោកាប់បណ្តាលឱ្យរបួស) នៅចំណុចស្ពានឆ្លងកាត់ផ្លូវល្បឿនលឿន ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៦ និង ៣០ នាទី។

ក្រោយពីបង្ហាញមុខជាសាធារណះជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបានបញ្ចូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖