ខេត្តកំពត ៖ តាមប្រភពព័ត៌មានបាន ទម្លាយឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានបុរសម្នាក់បានទៅដាក់ពាក្យបណ្តឹងចូលឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បន្ទាប់ពីរូបគាត់ ចូលទៅលេងល្បែងស៊ីសងបៀរភ្នាល់តាមអនឡាញជ្រកក្រោមហាងអុីនធឺណេតហើយត្រូវថៅកែហាងអុីនធឺណេតនេះប្រើល្បិចគៀបស៊ីអស់ប្រាក់ចំនួន១៦.០០០ដុល្លារ គ្រាដែលគាត់ចូលទៅលេងជាប់ៗគ្នា ៤-៥ថ្ងៃ ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងចូលទៅតុលាការនារសៀលខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ លឹម ទ្រី ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអាជីវកររស់នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកឈូក ខេត្តកំពត។ នៅ ក្នុងបណ្តឹងជនរងគ្រោះ បានរៀបរាប់ថា កាលពី៤-៥ថ្ងៃជាប់ៗគ្នា គាត់បានចូលទៅ លេងល្បែងស៊ីសងបៀរភ្នាល់តាមអនឡាញជាមួយនឹងម្ចាស់ទូហ្គេមឈ្មោះ ជិត យ៉ានី ហៅពេជ្រ ពេលដែលគាត់លេងចាញ់អ្នកបើកអុីនធឺណេតនិងម្ចាស់ទូហ្គេមនេះ មិនមានបញ្ហាអ្វីនោះទេ ថែមទាំងចាក់ ទឹកក្តៅទឹកត្រជាក់ឲ្យផឹកថែមទៀត។ ក៏ប៉ុន្តែនៅថ្ងៃទី២៤ ខែសីហា ពេលដែល គាត់ចូលទៅលេង ខណៈកំពុងឈ្នះលុយ ដែលមួយដៃៗភ្នាល់ពី១០០ទៅ៣០០ ដុល្លារនោះ ស្រាប់តែម្ចាស់ទុហ្គេមឈ្មោះ ជិត យ៉ានី បានធ្វើជាប្រើល្បិចនិងលួចប្រាប់ឲ្យកូនចៅផ្តាច់វ៉ាយហ្វាយអុីនធឺណេតធ្វើ ឲ្យបាត់តួរលេខនិងលទ្ធផលឈ្នះទើបជន រងគ្រោះគិតថានេះជាការប្រើល្បិចគៀបស៊ី។
ប្រភពបានបន្តថា នៅក្នុងបណ្តឹងជន រងគ្រោះបានបញ្ជាក់ថា មានការភ្នាល់មួយ ដៃនោះ គាត់បើកចេញសន្លឹកបៀរលេខ២ និងអុង១សន្លឹកហើយខាងមេមានសន្លឹកបៀរលេខអាត និងអុង១សន្លឹកដែរត្រូវអូសតដោយខាងកូនអូសចូលសន្លឹកលេខ៤ខាងមេចូលសន្លឹកលេខ៥ ។ តាមការស៊ីសង គឺសន្លឹកបៀរនេះស្មើគ្នា ។ ដូច្នេះគាត់ចាក់កណ្តាលមេអ៊ីនធឺណែតឬថៅកែឈ្មោះ ជិន យ៉ានី ត្រូវតែសងកូនបែរជាមិនសង ហើយថាប្រព័ន្ធវ៉ាយហ្វាយនិងកុំទ្យូទ័រមាន បញ្ហាទៅវិញ។ ក្រោយពីមានបញ្ហានេះកើតឡើងម្ចាស់បនល្បែងមួយនេះនៅបាន បញ្ចើចបញ្ចើរបញ្ជូនជំរុញឲ្យជនរងគ្រោះ ទៅប្តឹងដល់ណាក៏ទៅៗព្រោះគេអាចបើកល្បែងស៊ីសងនេះបានក៏ដោយសារបាន បង់លុយឲ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធតាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើរួមទាំងមន្ត្រីតុលាករទៀតផង។
តាមប្រភពបានឲ្យដឹងដែរថា ល្បែងស៊ីសងជ្រកក្រោស្លាកអ៊ីនធឺណែតរបស់ថៅកែ ជិត យ៉ានី ហៅពេជ្រនេះមានទីតាំងនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពតនៅជាប់នឹងផ្ទះលោកមេប៉ុស្តិ៍ រដ្ឋបាលសង្កាត់កំពង់បាយនោះតែម្តង។ កន្លងទៅទីតាំងបើកលេងល្បែងស៊ីសង ភ្នាល់ដាក់លុយធំៗមួយនេះ គឺបើកលេងនិងជួលផ្ទះមេប៉ុស្តិ៍សង្កាត់កំពង់បាយបើកលេង តែទំនងជាលោកមេប៉ុស្តិ៍គិតថាខុសច្បាប់ក៏លែងឲ្យជួលទៅ ។
តាមប្រភពបានបញ្ជាក់ថា កន្លែងល្បែង ស៊ីសងតាមអនឡាញមួយនេះមិនមាន អាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ក្រោមណាហ៊ានទៅក្បែរទេ ព្រោះមានខ្នងក្រាស់ ។
ទាក់ទិននឹងព័ត៌មានខាងលើនេះ លោក ងីន វេត អធិការនគរបាលក្រុងកំពតនៅ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មិន អាចទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំពន្យល់បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នក ទទួល ។
ដោយឡែក លោក ម៉ៅ ចាន់មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ទូរស័ព្ទឲ្យដឹងថា ចំពោះ ករណីនេះ លោកនៅពុំទាន់បានដឹងនៅឡើយទេ តែលោកនឹងឲ្យកូនចៅចុះទៅមើល ព្រោះ ពេលនេះលោកកំពុងស្ថិតនៅឯប្រទេសថៃ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅ រសៀល ថ្ងៃទី២៥ ខែសីហា ដែរថា លោកពិតជាបានទទួលពាក្យបណ្តឹងជនរងគ្រោះពីករណីខាងលើនេះហើយៗលោកនឹងចាត់ការតាមនីតិវិធីនៅដើម សប្តាហ៍ក្រោយ។ ទាក់ទិននឹងម្ចាស់អុីនធឺណេតលើកឡើងនិងជំរុញឲ្យជនរងគ្រោះទៅប្តឹង ហើយគេមិនខ្លាចព្រោះបានបង់លុយឲ្យខាងស្ថាប័នតុលាការនោះលោកព្រះរាជអាជ្ញាបានបដិសេធហើយថាកុំថាឡើយ បានទទួលលុយ សូម្បីម្ចាស់ទីតាំងបើកអុីនធឺណេតនេះលោកមិនស្គាល់ទាំងមុខនោះផង៕ លី ហ៊ាង
សូមអានបន្ត ៖ អ.ហ.ខណ្ឌទួលគោកឃាត់មនុស្ស៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន