ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក Nathapong Sangonchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងសហការី។
ជួបពិភាក្សាការងារ ក្នុងគោលដៅតភ្ជាប់កិច្ចសហប្រតិបត្តិការយូរអង្វែងលើវិស័យទេសចរណរវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការបែងចែកធនធាន និងអភិវឌ្ឍសមត្ថភាព និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្មក្នុងតំបន់ព្រំដែនប្រទេសទាំងបី ព្រមទាំងរៀបចំចាប់ផ្តើមផ្សព្វផ្សាយទេសចរណ៍រួមគ្នា តាមរយៈប្រព័ន្ធឌីជីថល និងសារព័ត៌មានផ្សេងៗឱ្យទូលំទូលាយ ជាពិសេសទៀតនោះគឺ ការអភិវឌ្ឍន៍យន្តការតាមដានរួមគ្នា ការដោះស្រាយបញ្ហារួមគ្នា និងការប្រើយុទ្ធសាស្ត្ររួមគ្នាក្នុងការទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់រវាងប្រទេសទាំងបី ៕
ដោយ ៖ សិលា