ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតី​ភាពប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម។

សូមជម្រាបថា​ ខេត្តកំពង់ចាម​ ជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង​ ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤។

នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន។

ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ 

មួយវិញទៀតការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ​៖ តារា​


ចែករំលែក៖