ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការចាញ់បោកតាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការចាញ់បោកតាមប្រព័ន្ធអនឡាញ ខណៈដែលមានជនខិលខូចមួយចំនួនដើរបោកប្រាស់តាមប្រព័ន្ធអនឡាញ។

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំនួន ១០៣.០១៤បណ្ណ  ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ ស្រុកស្ទឹងត្រង់  ខេកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដោយសូមកុំចាញ់បោក ឬជឿតាមការឃោសនា ឬការទាក់ទាញណាមួយតាមប្រព័ន្ធអនឡាញ ដែលបញ្ហានេះ សូម្បីតែប្រទេសមហាអំណាចជាច្រើនក៏កំពុងប្រឈមនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។ 

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំង បទល្មើសបច្ចេកវិទ្យាត្រូវពិនិត្យ និងទប់ស្កាត់រាល់បទល្មើសតាមប្រព័ន្ធអនឡាញបន្ថែមទៀត ខណៈករណីនេះបានកំពុងកើតឡើងគួឲ្យព្រួយបារម្ភនៅក្នុងតំបន់ និងសកលលោក។

ទន្ទឹមនឹងនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងដែនដី ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព សម្រាប់ងាយស្រួលគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលការពារទិន្នន័យជៀសវាងការបំផ្លាញពីចោរបច្ចេកវិទ្យាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖