ភ្នំពេញ ៖ ប្រជាពលរដ្ឋចាស់ជរា និងទីទាល់ក្រចំនួន១៥០គ្រួសារមកពីសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ បានលើកម្រាមដៃ១០សំពះដឹងគុណ ដល់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកក្កបាទក្រហមកម្ពុជា ដែលបានជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលា តាមរយៈលោកសុខ សម្បតិ ប្រធានកេត្តិយសអនុសាខាកក្កបាទក្រហមខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នេះនៅក្នុងវត្តច័ន្ទបុរីវង្ស ។
ក្នុងការជួបសំណេះសំណាល និងចែកជូនអំណោយដល់ប្រជាពលរដ្ឋនោះលោកសុខ សម្បតិ ប្រធានកេត្តិយសអនុសាខាកក្កបាទក្រហមខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថាសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកក្កបាទក្រហមកម្ពុជា បានផ្តាំផ្ញើរសួរសុខទុកបងប្អូនទាំងអស់នៅទីនេះ ។ លោកបន្តថា ដូចបងប្អូនដឹងស្រាប់ហើយ កន្លងមកទីណាមានការលំបាក ទីនោះគឺតែងតែមានកក្កបាទក្រហមតាមជួយជានិច្ច ។
លោកបន្ថែមថា នាពេលបច្ចប្បន្ននេះរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយឡើយ ហើយនេះគឺជាក្តីកង្វល់មួយដែលត្រូវដោះស្រាយជាបន្ទាន់ ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ នៅក្នុងភូមិឫ សង្កាត់និងខណ្ឌដែលអាជ្ញាធរមិនបានដឹងនោះឡើយ ។
លោកសុខ សម្បតិ បញ្ជាក់ថា ចាប់ពីថ្ងៃនេះពេលនេះទៅ យើងត្រូវចូលរួមលប់បំបាត់ ភាពក្រីក្រនិងភាពល្ងង់ខ្លៅជាមួយគ្នា ដោយប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើទឹកស្អាតនិងបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ដើម្បីអភិវឌ្ឍប្រទេសជាតិយើង អោយបានរុងរឿងជាលំដាប់។ ជាមួយគ្នានោះផងដែរលោកក៍បានផ្តាំផ្ញើ និងសូមឲ្យប្រជាពលរដ្ឋជំរុញកូនឲ្យទៅរៀន ចាប់ពីថ្នាក់ដំបូងរហូតដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់វិស័យអប់រំ តាមរយៈការរឹតបន្តឹងពេលប្រឡងនោះ ហើយសម័យតេជោនេះ សិស្សដែលរៀនពូកែបានទទួលអាហាររូបករណ៍ ប្រាក់លើកទឹកចិត្ត និងសម្ភារៈជាច្រើនទៀត ពីរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង១៥០គ្រួសារ បានលើកដៃសំពះដឹងគុណ ដល់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកក្កបាទក្រហមកម្ពុជា ដែលបានជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលានេះ មានអង្ករ៣០គីឡូក្រាម ម៉ី១កេះ ត្រីខ១យួ និងឃិត១កញ្ចប់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើម ៕ ព្រែកជ័យ
សូមអានបន្ត ៖ រថយន្តដឹកទំនិញមួយគ្រឿងគេចម៉ូតូបួងចង្កូតអត់ទាន់បុករបងការិយាល័យតំណាងរាស្រ្តបាក់ខ្ទេច