ភ្នំពេញ៖ វិស័យឧស្សាហកម្មគឺវិស័យស្នូល បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈប្រសិទ្ធភាពនៃការប្រើ ប្រាស់ធនធាន ការបង្កើតបរិមាណគុណផលប្រកបដោយគុណភាព ការងារ និងប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ឌឌី បានលើកឡើងនៅក្នុងកម្មវិធីប្រគល់ ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ នៅចុងសប្តាហ៍កន្លងមកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជារីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្មជាវិស័យស្នូល ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាម រយៈប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងការបង្កើនប្រសិទ្ធភាពផលិតភាពផលិតផលនិងការងារ សម្រាប់ប្រកួតប្រជែងនៅក្នុង ទីផ្សារជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី បន្តថា ជាក់ស្តែងនាថ្មីៗនេះ កម្ពុជាបាននាំចេញកុងតេន័រទី ១លាន ដែលបានឆ្លងកាត់កំពង់ផែអន្តរជាតិព្រះសីហនុ ដោយមិនរាប់ចូលនូវច្រកផ្សេងៗ, ដែលនេះជាជោគជ័យថ្មីមួយទៀត ដោយបានបង្ហាញឱ្យឃើញថា ការនាំចេញរបស់កម្ពុជាមាន កំណើនកើនឡើង, ផលិតកម្មក្នុងស្រុកកាន់តែប្រសើរ ជាពិសេសឧស្សាហកម្មធំៗ និងឧស្សាហកម្មកម្មន្តសាលក៏បានកើនឡើង ទោះបី វិស័យសេវាកម្មមានការថមថយ តែវិស័យឧស្សាហកម្មបានកំពុងគាំទ្រដល់ការនាំចេញ ដែលនេះជាចំណុចល្អបានធ្វើឱ្យកម្ពុជាឈាន ឡើងមួយកម្រិតថែមទៀត។
សូមបញ្ជាក់ថា ទាក់ទិនវិស័យឧស្សាហកម្ម, សម្រាប់ឆ្នាំ ២០២៤ (នៅពាក់កណ្តាល់ឆ្នាំ) ត្រូវបានរាជរដ្ឋាភិបាលព្យាករថា មាន កំណើន ៧,៩% ខណៈនៅឆ្នាំ ២០២៥ ខាងមុខនេះ ត្រូវបានព្យាករនឹងមានកំណើន ៨,៦% ដែលគាំទ្រដោយការរក្សាបានតុល្យភាព នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថា នៅបន្តរក្សាបានកំណើន ប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩, ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាស វិនិយោគ និងភាពប្រកួត ប្រជែងជាមួយនឹងការបង្កើនផលិតភាពពលកម្ម៕
ដោយ៖ តារា