ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្រោយទទួលបានព័ត៌មាន និងឃើញការបង្ហោះតាមបណ្តាញសង្គម ព្រមទាំងបានទទួលការផ្តល់ព័ត៌មាន និងចូលរួមសហការពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់ការឃាត់ខ្លួនក្រុមទាំងនេះជាបន្តបន្ទាប់។
ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា «Team22» បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, នៅពេលនេះកម្លាំងអាវុធហត្ថកំពុងនាំខ្លួនពួកគេមកសួរនាំនៅបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុលដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុកត្រូវមានចំណាត់ការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ។
ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជាច្រើនទាក់ទងទៅនឹងក្រុមក្មេងទំនើង បន្ទាប់ពីក្រសួងយុត្តិធម៌បានរៀបចំសន្និសីទពីក្មេងទំនើង កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២៤។ ដោយក្នុងនោះ សម្តេច បានសង្កត់ធ្ងន់ថា ស្នងការគ្រប់រាជធានី-ខេត្ត មិនត្រូវបន្ធូរបន្ថយដៃនោះទេចំពោះការបង្ក្រាបក្មេងទំនើង បើងើបឡើងមួយបង្ក្រាបមួយទៅវិញឲ្យទាន់ពេលវេលា។
សម្តេចបវរធិបតី អះអាងថា វិធានការបង្ក្រាប និងដាក់ទោសទណ្ឌក្មេងទំនើងនេះ ក៏នឹងជួយមិនឱ្យក្មេងៗដទៃទៀតយកគំរូតាមដែរ។ សម្តេច ថា បើគ្រាន់តែអប់រំត្រឹមផ្នែករដ្ឋបាល ហើយដោះលែងទៅវិញ ពួកគេនឹងធ្វើសកម្មភាពដើរបង្កបញ្ហាកាប់គេកាប់ឯងជាបន្តទៀត ព្រោះអ្នកដាក់ដាវសាំម៉ូរ៉ៃតាមខ្លួន ស្មើនឹងប្រើប្រាស់អាវុធខុសច្បាប់។
សម្តេចបវរធិបតី មានប្រសាសន៍ថា «រឿងអ្នកអួតតាមហ្វេសប៊ុក (អំពីដាវសាំម៉ូរៃ) ហើយឲ្យយកមួយពីខេត្តស្វាយរៀង ហើយអត់មានយកមកត្រឹមតែអប់រំរដ្ឋបាល ហើយព្រលែងទៅវិញនោះទេ ខ្ញុំឲ្យមើលច្បាប់ឲ្យបានមែនទែន ទាញដាវមកអួត កន្លែងខ្លះបបួលគ្នាកាប់…តើអានេះជាការគម្រាមជីវិតទេ ។ អីចឹងឲ្យពិនិត្យមើលច្បាប់ បើច្បាប់នៅស្រាលពេក សូមឲ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញនេះ ឲ្យកាន់តែខ្លាំងម្តង»។
លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គ្រាន់តែករណីក្មេងទំនើងនេះ ក្នុងរយៈពេល ៧ខែចាប់ពីខែឧសភាដល់ខែធ្នូនេះ មានជិត ៧០០សំណុំរឿង ដែលត្រូវបានតុលាការមានចំណាត់ការ ក្នុងនោះជនល្មើស៣៨៣៤នាក់ជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្មេងទំនើង ក្នុងគ្រាក្មេងទំនើងក្រោមអាយុ ១៨ឆ្នាំ មានចំនួន ២០៩៣នាក់ ៕
ដោយ ៖ សិលា