ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ទទួលបន្ទុកលេខាធិការដ្ឋាន គ.ខ.ប.ជ រួមជាមួយលោកស្រី ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស( គ.ជ.ប.ជ) អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ដល់សិក្ខាកាមមកពីអង្គភាពស្ថាប័នជុំវិញខេត្ត និងកងកម្លាំងទាំងបីឈរជើងក្នុងខេត្ត។
លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយល់ដឹងអំពីការពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ជាពិសេសការប្រមូលនិងបូកសរុបរបាយការណ៍ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកស្រីបន្តថា ការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
លោកស្រីឧត្តមសេនីយ៍ឯក ប៉ុន សំខាន់អគ្គលេខាធិការគ.ជ.ប ជ មានប្រកាសបើកវគ្គបណ្ដុះបណ្ដាលនាពេលនោះបានលើកឡើងស្តីពីយុទ្ធសាស្រ្តការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) នឹងត្រូវបានក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាស្ថានតំណាងនៅក្រៅប្រទេស យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុកដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយ និងអាចឈានទៅលុបបំបាត់ នូវបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខយ៉ាងពិតប្រាកដ ។
ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺជារឿងយើងទាំងអស់គ្នាដែលត្រូវចូលរួម ជំរុញអនុវត្តន៍យុទ្ធសាស្ត្រទាំង៤ របស់ផែនការជាតិមានជាអាទិ៍ ការងារបង្ការទប់ស្កាត់, កិច្ចការពារជនរងគ្រោះ, ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ដូច្នេះទាំងនេះដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្សគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើស ម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បទល្មើសទាំងឡាយ នៅកម្ពុជាទទួលបាន ភាពសុខសាន្តគ្មានអំពើរំលោភបំពាន និងអំពើជួញដូរមនុស្ស៕
ដោយ ៖ សិលា