ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ធាក់ប្លន់យកម៉ូតូត្រូវកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។

  សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ០១ក្រុមពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូដេញតាមម៉ូតូរបស់ជនរងគ្រោះឈ្មោះ អាន់ ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ខណៈពេលដែលជនរងគ្រោះនិងមិត្តភក្តិបានធ្វើដំណើរចេញពីកន្លែងធ្វើការងារនៅក្រុងប៉ោយប៉ែត ឆ្ពោះទៅលេងស្រុកកំណើត។  ក្រោយពីទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធករណីខាងលើនេះ កម្លាំងការិយាល័យជំនាញ និងកម្លាំងកងអន្តរាគមន៍ខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះទៅដល់ទីតាំងកើតហេតុ និងមានកិច្ចសហការល្អជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុង នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមុខអគារកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៤នាក់ ១-ឈ្មោះចំណាប់ សុវណ្ណ(ខេន) ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ យិន សុពីន ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ជាតិ  មិញប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ និង ៤-ឈ្មោះប្រុស ឆវិន(វិន) ភេទប្រុស អាយុ១៧ឆ្នាំ ព្រមទាំងចាប់យកនូវវត្ថុតាងម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប 1AN-4741 ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បិទតែមឆ្នាំ២០២២ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំណែកឯបក្សពួក ចំនួន០២នាក់ទៀតបានរត់គេចខ្លួន។  លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ 

   ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖