ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋឈ្មោះ ព្យើក ភៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិព្នង រស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្រង់តេះ ករណីបាត់ប្រពន្ធឈ្មោះ ព្លោត ព្រៀប អាយុ៣២ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំជាមួយគ្នា មានកូនចំនួន០៣នាក់(ស្រី០២នាក់)ដោយមិនដឹងមូលហេតុ។
យោងតាមការបំភ្លឺរបស់ប្ដីឈ្មោះ ព្យើក ភៀង បានឱ្យដឹងថា ពួកគាត់មិនមានការឈ្លោះប្រកែកគ្នាអីទេដោយគាត់រវល់ឃ្វាលគោនៅស្រែ ទើបឡើងមកដល់ភូមិនៅវេលាម៉ោង៤រសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ ពេលមកដល់ផ្ទះ ក៏មិនឃើញប្រពន្ធ ឃើញតែកូនរបស់គាត់ចំនួន០៣នាក់បងប្អូននៅផ្ទះ ដោយបាត់ម្ដាយហើយគាត់បានដើរសួរបងប្អូនអ្នកជិតខាងក្នុងភូមិថា មានឃើញប្រពន្ធខ្ញុំអត់? ហើយប្អូនថ្លៃឈ្មោះ ព្លោត សំណាង ភេទប្រុស អាយុ១៥ឆ្នាំ បានប្រាប់ថា ឃើញបងរបស់គាត់ឡើងឡានពណ៌ក្រហមមិនស្គាល់ម៉ាកជិះទៅខេត្តតាំងពីម៉ោង១៣និង៥០នាទីម៉្លេះ។
លុះដល់ម៉ោង៦ល្ងាច ទើបបានបុរសជាប្តីមកប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រង់តេះ ឱ្យជួយស្រាវជ្រាវរកប្រពន្ធរបស់ខ្លួនផង ៕
ដោយ៖ សូរិយា