ខេត្តស្វាយរៀង៖ ប្រជាជនខេត្តស្វាយរៀង បានរីករាយយ៉ាងមហោឡារិកក្នុងកម្មវិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ នៅសួនច្បារមាត់ទន្លេវៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះថា ចំនួនភ្ញៀវទេសចរនិងប្រជាពលរដ្ឋដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តស្វាយរៀង ជាពិសេសមាត់ទន្លេវ៉ៃគោនាយប់ឆ្លងឆ្នាំសកល២០២៥ (គិតចាប់ពីថ្ងៃទី៣០,៣១ ខែធ្នូ និងថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥) ។
លោកបន្តថា ដោយរយៈពេល៣ថ្ងៃនេះមានបងប្អូនមកដើរលេងកម្សាន្ត ចំនួនសរុបប្រមាណ១៩.០៥២នាក់ ស្រី៧.៥៩០ នាក់។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋានគឺបានល្អប្រសើរ ពិសេសក្រោមការដឹកនាំពីសំណាក់លោកប៉េង ពោធ៏សា អភិបាលខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ប្រជាជនគ្រប់រូបក្នុងខេត្តស្វាយរៀងប្រកបដោយទឹកមុខសប្បាយរីករាយខុសប្លែកពីឆ្នាំកន្លងមក ខណៈ បានមកទស្សនាកម្សាន្តនិងរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ភាគច្រើនក្នុងខេត្តបានជប់លៀងនៅតាមគេហដ្ឋាន និងជុំវិញមាត់ទន្លេវៃគោ ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៥៕
ដោយ៖ សុថាន