ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខជូននាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំពោះមរណភាពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយារបស់ ឯកឧត្តម បានទទួលមរណភាព កាលពីម៉ោង១៨:៥២នាទី ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ និងជីដូនជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌និងសង្គហធម៌គំរូមួយរូប។ លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមចំណែកគាំពារនិងជ្រោមជ្រែងឯកឧត្តម ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តម ប្រកបដោយឆន្ទៈមនសិការដ៏មុះមុតក្នុងបុព្វហេតុជាតិមាតុភូមិ។ លើសពីនេះទៀត មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លា យ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕
ដោយ៖ សិលា