ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ជើងមេឃពណ៌ក្រហម

ចែករំលែក៖

ម៉ែតើពុកទៅណាបាត់យូរយ៉ាងនេះ កូនឮថាអង្គការបានចាប់ពុកបញ្ជូនទៅកសាង តើហេតុអី្វបាត់ពុកយូរយ៉ាងនេះម៉ែ ? បងប្រុសរបស់ខ្ញុំបានសួរទៅកាន់ម្ដាយរបស់ខ្ញុំ នៅយប់មួយពេលដែលខ្ញុំកំពុងតែក្តៅខ្លួនខ្លាំងណាស់។ ពេលនោះម្ដាយរបស់ខ្ញុំទើបតែយកថ្នាំអាចម៍ទន្សាយមកពីរោងសហករណ៍មកឲ្យខ្ញុំលេបរួច។

   តាំងពីតូចរហូតដល់ធំ ខ្ញុំនៅមិនទាន់ស្គាល់នូវពាក្យថាលំបាកនៅឡើយនោះទេ។ ឪពុករបស់ខ្ញុំគឺជាមន្ត្រីរាជការនៅទីក្រុងភ្នំពេញ។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវខ្មែរក្រហមជម្លៀសឲ្យមករស់នៅខេត្តព្រៃវែង។ ពេលនោះចែកផ្ទះខ្ទមតូចមួយឲ្យគ្រួសាររបស់ខ្ញុំរស់នៅ។ សំណាងអាក្រក់អង្គការបានស៊ើបដឹងថាឪពុករបស់ខ្ញុំធ្លាប់ធ្វើជាមន្ត្រីរាជការនៅក្នុងរបបលន់ នល់ ហើយមិនយូរប៉ុន្មានអង្គការបានចាប់ឪពុករបស់ខ្ញុំទាំងថ្ងៃដោយប្រាប់ថាយកទៅកសាង។

   និយាយពីម្ដាយខ្ញុំវិញបានដកដង្ហើមធំមុនពេលគាត់ងាកមកឆ្លើយតបទៅនឹងសំណួររបស់បងប្រុសរបស់ខ្ញុំ ដោយសំឡេងតិចៗថ្នមៗថា កុំសូវនាំម៉ែនិយាយពីរឿងនេះអី ឪពុករបស់កូនគាត់ចាកចេញពីយើងទៅបានក្តីសុខហើយ។ កូនត្រូវតែប្រឹងប្រែងដើររើសអាចម៍គោមកធ្វើជីឲ្យបានច្រើន ដើម្បីកុំឲ្យសមមិត្តយើងអាក់អន់ស្រពន់ចិត្ត។ បន្ទាប់ពីនិយាយរួច ម្ដាយរបស់ខ្ញុំបានដេញឲ្យបងប្រុសរបស់ខ្ញុំទៅដេក ខ្លាចស្អែកអត់ងងុយធ្វើការងារមិនកើត។ ” តែម៉ែ! កូនបារម្ភពិតមែន កូនមិននិយាយរឿងនេះទៀតក៏បានដែរ ប៉ុន្តែ ស្មី យ៉ាងម៉េចហើយម៉ែ? បងប្រុសរបស់ខ្ញុំបានសួរម៉ែបន្តដោយក្តីបារម្ភចំពោះខ្ញុំ។

   ខ្ញុំឈ្មោះ រស្មី ។ ខ្ញុំមានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ។ នៅក្នុងរបបខ្មែរក្រហមបងប្រុសរបស់ខ្ញុំឈ្មោះ សុធី មានអាយុច្រើនជាងខ្ញុំ៤ឆ្នាំ។ រហូតមកដល់ពេលនេះខ្ញុំនិងក្រុមគ្រួសារបានរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមជិតមួយឆ្នាំទៅហើយ។ ខ្ញុំអាណិតម៉ែណាស់ ខ្ញុំមិនចង់ឈឺបែបនេះទៀតទេ។ ម៉ែត្រូវមកលំបាកគ្រប់យ៉ាងដោយសារតែខ្ញុំ។ ម៉ែបានដកដង្ហើមធំម្ដងទៀតមុនពេលតបទៅកាន់បងប្រុសរបស់ខ្ញុំវិញថា ប្អូនឯងមិនអីទេ ឆាប់ទៅដេកទៅហើយ ស្មី កុំនៅប្រឹងបើកភ្នែកយូរពេកសម្ងំដេកទៅកូន ព្រឹកឡើងស្រួលខ្លួននឹងអាចទៅរោងសហករណ៍ជួយមើលគោ និងរើសជី វិញ។ នៅពេលដែលម្តាយខ្ញុំនិយាយរួចក៏បានផ្លុំពន្លត់ភ្លើងចង្កៀងប្រេងកាតដែលដាក់នៅក្បែរក្បាលដំណេករបស់ខ្ញុំ។ ចំណែកខ្ញុំវិញកំពុងតែដេកភ័យបារម្ភថាថ្ងៃស្អែកខ្ញុំ អាចក្រោកពីកន្ទេលរួចឬទេ បើឥឡូវនេះក្នុងខ្លួនរបស់ខ្ញុំគ្មានកម្លាំងសូម្បីតែបន្តិចសោះអ៊ីចឹង។

   នៅពាក់កណ្ដាលយប់នោះខ្ញុំឮសូរសំឡេងមាន់ស្រែកហាក់បីដូចជាមានអ្នកណាម្នាក់កំពុងតែធ្វើអ្វីវា។ ប៉ុន្តែនៅពេលដែលខ្ញុំបើកភ្នែកមក ខ្ញុំបានឃើញភ្លើងតិចៗនៅក្នុងខ្ទមរបស់ខ្ញុំ។ បងប្រុសរបស់ខ្ញុំកំពុងតែយកភួយបាំងពន្លឺភ្លើងទាំងអស់នោះមិនឲ្យជះពន្លឺចេញទៅខាងក្រៅខ្ទមហើយម្ដាយខ្ញុំកំពុងមួលកមាន់លាន់សូរក្រឺតៗមុនពេលដាក់ចូលក្នុងឆ្នាំងដីដែលមានទឹកកំពុងតែដាំពុះស្រាប់។ ” បន្តិចទៀតបានសាច់មាន់ហូបហើយកូន” ម៉ែរបស់ខ្ញុំនិយាយទាំងញ័រមាត់មកកាន់ខ្ញុំព្រមជាមួយស្នាមញញឹមបងប្រុសរបស់ខ្ញុំដែលត្រេកអរលាយឡំនឹងភាពភ័យខ្លាច។ នៅពេលឃើញដូច្នេះខ្ញុំពិតជាត្រេកអរជាពន់ពេករកពាក្យអ្វីមកនិយាយមិនបានទេ ។ រាល់ថ្ងៃអាហារដែលខ្ញុំទទួលបានគឺត្រឹមតែបបររាវរកគ្រាប់អង្ករនៅក្នុងចានស្ទើរមិនឃើញផង។

   មួយសន្ទុះក្រោយមក ” ស្មី អើយកូនក្រោកឡើងមកឆាប់ហូបទៅ។ ” ម៉ែខ្ញុំបាននិយាយខ្សឹបៗមកកាន់ខ្ញុំ។ ម៉ែបានកាច់យកភ្លៅមាន់ដែលមានជាប់រោមមួយៗឱ្យខ្ញុំហូប។ ខ្ញុំឃ្លានណាស់ទើបប្រញាប់ប្រញ៉ាល់ហូបទាំងញ័រមាត់ញ័រក។ ខ្ញុំហូបភ្លេចទាំងខ្ពើមរោមមាន់ដែលជាប់នៅលើស្បែកនផះ។ ម៉ែកំពុងអង្គុយមើលមុខរបស់ខ្ញុំ និងបងប្រុសហូបដោយលេបទឹកមាត់។ ប៉ុន្តែគាត់ហាក់ដូចជាមិនចង់ហូបសោះ ” ម៉ែ ម៉ែ..ហូបទៅម៉ែហូបឲ្យច្រើនៗទៅ”។ ខ្ញុំនិយាយតិចៗទៅកាន់ម៉ែទើបគាត់កាច់យកជើងមាន់បន្តិចយកទៅហូប។ ម៉ែរបស់ខ្ញុំមិនហ៊ានហូបសាច់ទេ។ ខ្ញុំដឹងថាគាត់ខ្លាចកូនទាំងពីរនាក់ហូបមិនឆ្អែត ទើបគាត់ធ្វើដូច្នោះ។ បន្ទាប់ពីខ្ញុំហូបឆ្អែតហើយ ខ្ញុំស្រាប់តែនឹកឃើញដល់រឿងមួយដែលគួរឲ្យខ្លាចនោះ គឺខ្លាចអង្គការមករាប់ចំនួនមាន់ដែលជាទ្រព្យសម្បត្តិរួម។ ម៉ែរបស់ខ្ញុំបានប្រាប់មកកូនៗថា កុំឲ្យខ្លាចព្រោះគ្មានរឿងអ្វីនឹងកើតមានឡើងនោះទេ។ក្រោយពេលហូបរួចរាល់ហើយ ម៉ែបានប្រញាប់កាយដីក្រោមគ្រែហើយបងប្រុសរបស់ខ្ញុំបានយករោមមាន់ទៅកាយកប់ក្រោមគ្រែដេករបស់ខ្ញុំដែរ។ ខ្ញុំភ័យខ្លាចណាស់ ខ្ញុំខ្លាចគ្រប់យ៉ាងដែលអាចនឹងកើតឡើងមក។ ខ្លាចរឿងហូបមាន់នេះបែកធ្លាយចេញទៅក្រៅប៉ុន្តែខ្ញុំបានព្យាយាមប្រាប់ខ្លួនឯងថាមិនអីទេៗគ្រប់ពេលវេលា។ (នៅមានត)


ចែករំលែក៖