ក្រុមឧទ្ទាមម៉ៅនិយម ប្រមាណ៥០នាក់ ប្រដាប់ដោយកាំភ្លើងធុនធ្ងន់ បានធ្វើសកម្មភាពវាយប្រហារឆ្មក់ចូលពន្ធនាគារមួយកន្លែងភាគខាងត្បូងប្រទេសហ្វីលីពីន ទីក្រុង Maraw កាលពីថ្ងៃទី២៧ ខែសីហា ដោយរំដោះអ្នកទោស២៨នាក់ ដែលជាសមាជិករបស់ក្រុមម៉ៅនិយម ។
មន្ត្រីរដ្ឋាភិបាលហ្វីលីពីនអះអាងកាលពីថ្ងៃទី២៨ ខែសីហាថា ក្រុមឧទ្ទាមមានស្លាកសញ្ញារដ្ឋអិស្លាម បានធ្វើសកម្មភាពឆ្មក់ចូលមន្ទីរឃុំឃាំងភាគខាងត្បូង ធ្វើឲ្យអ្នកទោសរត់រួច២៨នាក់ ។ ជាមួយគ្នានេះ ជនដែលត្រូវឃុំខ្លួនក្នុងករណីផ្សេងពីនេះ២១នាក់ ក៏បានរត់រួចផងដែរ ។
គេមិនបានបញ្ជាក់ឡើយថា ក្នុងករណីវាយឆ្មក់ចូលមន្ទីរឃុំឃាំងភាគខាងត្បូងហ្វីលីពីនរបស់ក្រុមម៉ៅនិយមខាងលើនេះបណ្តាលឲ្យបាត់បង់ជីវិត និងរងរបួសមនុស្សប៉ុន្មាននាក់ឡើយ ។
រដ្ឋាភិបាលបានអះអាងថា ខ្លួននឹងស៊ើបអង្កេតថា តើហេតុអ្វីបានជាឆ្មាំគុកមិនបានតតាំងជាមួយក្រុមឧទ្ទាមទាំងនោះ និងមិនបានបង្កើនកម្លាំងសន្តិសុខឲ្យបានរឹងមាំនៅទីតាំងឃុំឃាំងខាងលើ ៕ ថាច់ យ៉ាត
សូមអានបន្ត ៖ ជនបរទេសបើករថយន្តបុកយុវជន២នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ