ក្រុមឧទ្ទាមនិយមឆ្វេងរបស់កូឡុំប៊ី Farc បានបញ្ជាឲ្យខ្មាន់កាំភ្លើងទាំងអស់របស់ខ្លួនអនុវត្តបទឈប់បាញ់ចាប់ពីពេលវេលាពាក់កណ្តាលយប់ ថ្ងៃទី២៩ ខែសីហា តរៀងទៅ ។
បទឈប់បាញ់នេះធ្វើឲ្យបញ្ចប់សង្គ្រាមរយៈពេល៥២ឆ្នាំ របស់ក្រុមឧទ្ទាម Farc ដែលជាក្រុមឧទ្ទាមមានឈ្មោះបោះសំឡេងរយៈពេលយូរជាងគេបំផុតនៅក្នុងពិភពលោក ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសគុយបា រយៈពេល៤ឆ្នាំ ហើយនៅសប្តាហ៍ខាងមុខនេះ ពិធិចុះហត្ថលេខាផ្លូវការនឹងត្រូវធ្វើឡើង ។
មេដឹកនាំក្រុមឧទ្ទាម Farc លោក Rodrigo Londono ឬ Timoleon Jimenez ឬ Timochenko បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា «ខ្ញុំបញ្ជាទៅកាន់មេបញ្ជាការ និងសមមិត្តរបស់យើងថា ឲ្យឈប់បាញ់ ទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់អារិភាពប្រឆាំងរដ្ឋាភិបាលកូឡុំប៊ីចាប់ពីពេលវេលាពាក់កណ្តាលយប់នេះតទៅ» ។
កិច្ចព្រមព្រៀងឈប់បាញ់នេះសម្រេចឡើងដោយផ្តល់អត្ថប្រយោជន៍ទាំងសងខាង ហើយក៏ជាក្តីប្រាថ្នាផងដែរ ដែលធ្វើឲ្យបញ្ចប់សង្គ្រាមអូសបន្លាយពេលជាង៥០ឆ្នាំកន្លងមក បណ្តាលឲ្យមនុស្សប្រមាណ២៦០.០០០នាក់បាត់បង់ជីវិត និងរាប់លាននាក់បាត់បង់ជីទម្រក ។
ស្ថិតក្រោមកិច្ចព្រមព្រៀង ក្រុមឧទ្ទាម Farc នឹងចូលរួមដឹកនាំជាមួយរដ្ឋាភិបាលកូឡុំប៊ីតាមលក្ខណៈពេញច្បាប់ ។
កាលពីខែមីនា ឆ្នាំ២០១៦ រដ្ឋាភិបាលកូឡុំប៊ីបានប្រកាសចាប់ផ្តើមចរចាសន្តិភាពជាមួយក្រុមឧទ្ទាមធំបំផុតលំដាប់ទី២ គឺក្រុម កងកម្លាំងរំដោះជាតិ(ELN) ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមឧទ្ទាមមួយនេះ មិនទាន់បានជួបជាមួយរដ្ឋាភិបាលនៅឡើយ ។ លក្ខខណ្ឌមុនគេបង្អស់នោះ គឺការដោះលែងរាល់ចំណាប់ខ្មាំង និងបញ្ឈប់ការចាប់ជំរិត ៕ ថាច់ យ៉ាត