ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវក្រុមគ្រូពេទ្យដេរមុខរបួស៣០ថ្នេរ បន្ទាប់ពីស្រវឹងស្រាបើកម៉ូតូគេចរថយន្តដឹកទឹក ហើយជ្រុលទៅបុកដុំថ្មកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបណ្តោយផ្លូវក្រវាត់ព្រំដែន បង្គោលឡាក់៦៨ ភូមិបរហ៊ុយ សង្កាត់បរហ៊ុយ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ រស់ ស៊ីជា ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីយោធាព្រំដែន រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានរងរបួសធ្ងន់បែកក្បាល បែកមាត់ រីឯម៉ូតូរងការខូចខាតតិចតួច ។ ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាលមុខរបួស ដោយក្រុមគ្រូពេទ្យបានដេរអស់៣០ថ្នេរ ។
ជនរងគ្រោះ រស់ ស៊ីជា បានបញ្ជាក់ថា នៅមុនយប់កើតហេតុ បានជិះម៉ូតូទៅហូបស្រាថ្នាំលាយជាមួយស្រាបៀ នៅផ្ទះបងប្អូនខាងលិចវត្តអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ផឹកស្រាពីរព្រឹករហូតដល់ល្ងាច ដល់ពេលស្រវឹងជោក ក៏ មកផ្ទះ ដោយបើកម៉ូតូតាមបណ្ដោយផ្លូវតាមព្រំដែន លុះឃើញរថយន្តដឹកទឹកនៅចំពីមុខ ក៏បើកម៉ូតូគេចរថយន្តនោះ ស្រាប់តែជ្រុលចង្កូតទៅបុកថ្មដួល រងរបួសធ្ងន់ខ្លួនឯង ៕ ស សារ៉េត
សូមអានបន្ត ៖ នាំគ្នាទៅទិញថ្នាំញៀននៅមុខពេទ្យលោកសង្ឃមកចែកគ្នាជក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់