ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះគ្នាតិចតួចភាគី៣នាក់វាយភាគីម្នាក់សន្លប់សល់តែខោខ្លី រួចរត់បាត់

ចែករំលែក៖

 

ភ្នំពេញ ៖ មានករណីជម្លោះគ្នាមួយបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅសល់តែដង្ហើមចង្រិតដោយសារគេព្រួតវាយ នាវេលាម៉ោង០៥និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលជាន់ទី២ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទល់មុខរោងចក្រសាន់ស្កាយ។

ជនរងគ្រោះឈ្មោះ សុម៉ាលី អាយុ៣០ឆ្នាំ មុខរបរជាងតទឹក-ភ្លើង រស់នៅភូមិឃុំកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅខេត្តស្វាយរៀង ។

សាក្សីឲ្យដឹងថា នៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលជាន់ទី២ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ត្រង់ទល់មុខរោងចក្រសាន់ស្កាយគេបានឃើញភាគីជម្លោះទាំងសងខាង និយាយជាមួយគ្នាដោយជនរងគ្រោះមានគ្នាតែម្នាក់ឯង រីឯជនបង្កមានគ្នា៣នាក់។ មួយសន្ទុះក្រោយមកគេបានឃើញភាគីទាំងសងខាងឈ្លោះគ្នាតែ១ទល់១ប៉ុណ្ណោះ។ បន្ទាប់មកអ្នកទាំង២ឈ្លោះគ្នាមិនបានប៉ុន្មាននាទីផង ស្រាប់តែជនបង្កបានរត់ទៅទាញកាំបិតស្ទុះដេញកាប់ជនរងគ្រោះ ត្រូវ១កាំបិតចំក្បាលរយះធំ និងត្រូវដៃ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង។

សាក្សីឲ្យដឹងទៀតថា ពេលនោះជនរងគ្រោះភិតភ័យខ្លាំងពេក ក៏បានរត់ឡើងលើផ្ទះជួលជាន់ទី១ ចំណែកឯ ជនបង្កបានដេញតាមវាយបន្តធ្វើឲ្យជនរងគ្រោះរបូតខោជើងវែងនៅក្រោម រត់ឡើងទៅលើនៅសល់តែលីអូ ហើយជនបង្កក៏នាំគ្នារត់គេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះអង្គភាព៧១១ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ហើយពេលនោះសមត្ថកិច្ចបានចុះមកដល់កន្លែង បានត្រឹមធ្វើកំណត់ហេតុកសាងសំណុំរឿង តាមច្បាប់ ៕ ប្រាថ្នា

_______


ចែករំលែក៖