ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងរថយន្តបែនដឹកដី បុកជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៩នាក់ ក្នុងនោះមានស្រី៥នាក់ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ។ នេះបើតាមប្រភពព័ត៌មានបឋមដែលទទួលបាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីស្ថិតនៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តបែនដឹកដីបុកជាមួយនិងរថយន្តសាំយ៉ុងដឹក អ្នកដំណើរចេញពីក្រុងប៉ោយប៉ែតទៅរាជធានីភ្នំពេញ បណ្តាលឱ្យអ្នកជិះក្នុងរថយន្តសាំយ៉ុង រួមនិងអ្នកបើករថយន្តទាំងសងខាងស្លាប់គាបជាប់ក្នុងរថយន្តសរុប ចំនួន៩នាក់ និង៤នាក់ទៀតទទួលរងរបួសធ្ងន់ ។ អ្នករងបួសធ្ងន់ត្រូវបានសមត្ថកិចហចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ។
បើប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរវាងរថយន្តទាំង២គ្រឿងបើកច្រាសទិសគ្នា រថយន្តសាំយ៉ុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២W១៣៤៩ បានធ្វើដំណើរចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅរាជធានីភ្នំពេញក្នុងទិសដៅលិចទៅកើត ដោយឡែករថយន្តបែនដឹកដី បានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ឆ្ពោះចូលមកខេត្តបាត់ដំបង។ លុះដល់កន្លែងកើតហេតុរថយន្តទាំង២គ្រឿងបើកល្បឿនលឿនដូចគ្នា រថយន្តដឹកដីបានបើកជែង រថយន្ត១គ្រឿងទៀត ហើយក៏ជ្រុលចូលចំណែកផ្លូវរថយន្តសាំយ៉ុង ក៏បុករថយន្តសាំយ៉ុងពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់រងរបួសតែម្តង ។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា អ្នកស្លាប់និងរងរបួសធ្វើដំណើរលើរថយន្តសាំយ៉ុង សុទ្ធតែមានលិខិតឆ្លងដែន ពួកគាត់ទំនងជាពលករទើបតែមកពីធ្វើការងារពីប្រទេសថៃបំណងទៅស្រុកកំណើត ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចគាស់ចេញពីរថយន្តដើម្បីយកទៅ ដំកល់ទុកក្នុងវត្តទំនាក់ទំនងក្រុមគ្រួសារដើម្បីមកទទួលសពចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ៕ ថាច់ យ៉ាត