ខេត្តកណ្តាល: ផ្លូវជាតិលេខ១ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនជួយដល់ប្រជាជនកម្ពុជា ពេលនេះចិញ្ចើមផ្លូវជាតិជាច្រើនកន្លែងបានបាក់ស្រុតមួយផ្នែកបណ្តាលមកពីរថយន្តដឹកធ្ងន់ និងមួយផ្នែកទៀតបណ្តាលមកពីកត្តាធម្មជាតិភ្លៀងហូច្រោះបង្កអោយបាក់ស្រុតចិញ្ចើមផ្លូវជាតិតែម្តង ។
នៅចន្លោះគីឡូម៉ែត្រលេខ២២ទៅដល់គីឡូម៉ែត្រលេខ២៥ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ មានការបាក់ស្រុតចិញ្ចើមផ្លូវជាតិចំនួន៣កន្លែង ដែលរណ្តៅនីមួយៗមានទំហ៊ំប៉ុនចង្អេរ ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកធ្វើ ប្រជាពលរដ្ឋបានយកបាវស៉ីម៉ង់ត៍ដោតឈើដាក់នៅក្នុងរណ្តៅដើម្បីធ្វើជាសញ្ញាបង្ការកុំអោយមានគ្រោះថ្នាក់ដល់អ្កដំណើរ ។
លោកស៊ុត តូ មេឃុំដីឥដ្ឋបានអោយដឹងថា បញ្ហាបាក់ស្រុតចិញ្ចើមផ្លូវជាតិលេខ១នះមិនមែនជាភារៈកិច្ចអាជ្ញាធរឃុំនោះទេ គឺខាងមន្ទីរសាធារណៈការខេត្តជាអ្នកមើលការខុសត្រូវព្រោះការងារនេះជាជំនាញរបស់សាធារណៈការ ។ កន្លងមកអាជ្ញាធរឃុំបានពិនិត្យឃើញថាក្រុមការងាររបស់មន្ទីរសាធារណៈខេត្តបានដឹកដី ដឹកគ្រួសយកមកចាក់លប់ជួសជុលកន្លែងបាក់ស្រុតចិញ្ចើមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រឃុំផង ។ ដោយឡែកកន្លែងបាក់ស្រុតថ្មីនេះមិនទាន់ឃើញខាងជំនាញចុះមកទេ បើទុកចោលតទៅទៀតកន្លែងដែលបាក់ស្រុតនឹងទទួលរងនូវការខូចខាតកាន់តែធ្ងន់ធ្ងរព្រោះរដូវនេះជារដូវភ្លៀង ។
ពាក់ព័ន្ទនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរឿងចិញ្ចើមផ្លូវជាតិលេខ១រងនូវការបាក់ស្រុតនេះដែរ លោកម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាលបានប្រាប់តាមសារអេឡិចត្រនិច ដូច្នេះថា ខាងមន្ទីរនិងចាត់ចែងជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា ចិញ្ចើមផ្លូវជាតិលេខ១ដែលបាក់ស្រុតនេះមិនមែនមានខូចខាតនៅក្នុងឃុំដីឥដ្ឋប៉ុណ្ណោះទេ នៅក្នុងផ្សេងៗទៀតក៍មានដែរដូចជាឃុំបន្ទាយដែក ឃុំសំរោងធំ និងឃុំគគីធំ ។ ប្រសិនបើអាជ្ញាធរឃុំ – ស្រុក និងខាងមន្ទីរសាធារណការមិនយកចិត្តទុកដាក់ក្នុងការថែរក្សាទេនោះទៅថ្ងៃអនាគត់និងទទួលរងនូវការខូចខាតធ្ងន់ធ្ងរជាក់ជាមិនខាន ៕ សណ្តោស