ភ្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ បើក រថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហម កំពុងតែបើកបរតាមដងផ្លូវ ស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឲ្យឆេះចេញជាអណ្តាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។
ករណីឆេះរថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៥នាទីយប់ថ្ងៃទី២៩ សីហា ២០១៦ នៅក្បែរស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច ផ្លូវលេខ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ២D-1244 បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមបណ្ដាលផ្លូវលេខ២១៧ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែធុំក្លិនឈ្ងៀម ភ្លាមនោះម្ចាស់រថយន្តក៏ឈប់ ហើយចុះទៅបើកដំបូលរថយន្តខាងមុខ ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ឃើញបែបនេះ បុរសម្នាក់បានយកបំពង់ពន្លត់អគ្គីភ័យដែលគាត់ដាក់ទុកនៅក្នុងរថយន្តរបស់ខ្លួនទៅបាញ់អស់១បំពង់ ទើបរលត់ទៅវិញ ។
ក្រោយកើតហេតុ ភ្លាមនោះម្ចាស់រថយន្តបានទូរស័ព្ទហៅបងប្អូនមកអូសរថយន្តនោះទៅផ្ទះសិន ព្រោះនៅពេលយប់មិនមានជាងជួសជុលនោះទេ ។ ហើយចំពោះករណីនេះដែលគឺបណ្ដាលមកពីខ្សែភ្លើងចាស់ ទើបធ្វើឲ្យក្តៅខ្លាំងរួចក៏ឆ្លងចរន្តភ្លើងឆេះតែម្តងទៅ ៕ស ដារ៉ា
សូមអានបន្ត ៖ សាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យអាមេរិកភ្នំពេញចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកម្មវិធីដៃគូស្តីពីសញ្ញាប័ត្រទ្វេ