ព័ត៌មានទាន់ហេតុការណ៍៖

ចង់ទៅនៅប្រទេសចិន ពេលប្តីធ្វើបាប សុំមកស្រុកវិញ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីខ្មែរ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះពីប្រទេសចិនឲ្យត្រឡប់មកស្រុកកំណើតវិញកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីចាញ់បោកមេខ្យល់រៀបការជាមួយបុរសជនជាតិចិន ហើយចេញទៅរស់នៅប្រទេសចិន បានមួយរយៈ ក្រោយមកប្តីធ្វើបាបខ្លាំងពេក ក៏រកកិច្ចអន្តរាគមន៍ដើម្បីបានត្រឡប់មកស្រុកកំណើតវិញ ។ តាមរយៈអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំសំណុំបែបបទឲ្យស្ត្រីខ្មែរ៣នាក់វិលត្រឡប់មកស្រុកកំណើតវិញ ។

ស្រ្តីខ្មែរទំាង៣នាក់នោះ ទី១ឈ្មោះ ផុន ម៉ាន់ អាយុ ២០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តជាំងស៊ី ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់ មកស្រុកកំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នាជាមួយប្តី។ ទី២- ជឹម ណាវី អាយុ ១៥ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុកកំណើតវិញ គឺដោយសារប្តីបិទសិទ្ធិសេរីភាព ឱ្យនៅតែក្នុងផ្ទះ។

ចំណែកទី៣ឈ្មោះ គី ចាន់នី អាយុ ១៥ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៦ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុក កំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នា ប្ដីបិទសិទ្ធិសេរីភាពឱ្យនៅតែក្នុងផ្ទះ ។

កំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជា ស្ថានអគ្គកុងស៊ុលបានផ្តល់កន្លែងស្នាក់នៅហូបចុក ដល់ស្ត្រីរងគ្រោះទាំង០៣រូប នេះ ផងដែរ។ ស្រ្តីខ្មែរទាំង ០៣រូប ខាងលើ បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ១១ និង១៥នាទីយប់ តាមជើងយន្តហោះលេខ MU 759 ៕ ហេង សូរិយា

ds
សូមអានបន្ត ៖ អាជ្ញាធរខណ្ឌដូនពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ


ចែករំលែក៖