ខេត្តក្រចេះ៖ ករណីបាញ់រះ៧គ្រាប់នៅខេត្តក្រចេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចទើបតែវែកមុខបានជនសង្ស័យ៣នាក់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។
អធិការរងទទួលការងាយុតិ្តធម៌ ស្រុកសំបូរ បានឲ្យប្រភពព័ត៌មានដឹងថា ជនសង្ស័យទាំងបីនាក់ បានបាញ់រះចំនួន៧គ្រាប់ទៅលើជនរងគ្រោះជាអ្នកនេសាទកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចអន្លង់ត្រឡោកកន្ទុយកោះតាចាន់ភូមិពន្ធជា ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពបន្តថា ការបាញ់ប្រហារនោះបានបណ្តាលឲ្យជនរងគ្រោះ ត្រូវ១គ្រាប់ចំត្រគៀកពីម្ខាងធ្លាយទៅម្ខាង ។ ជនរងគ្រោះឈ្មោះ ឃឹម សុខន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកនេសាទ រស់នៅភូមិកំពង់រទះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ ការបាញ់ប្រហារបានកើតឡើងនៅពេលដែលជនរងគ្រោះ កំពុងបើកទូកមកពីលើកលបកាលពីវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៦ ខែសីហា ។
ប្រភពបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនឈ្មោះ ទីល ខាន ភេទប្រុស មុខរបរសមាជិក សហគមន៍នេសាទពន្ធជា និងជាឪពុកជនដៃដល់ ព្រមទាំងដកហូតបានអាវុធកែច្នៃចំនួន៣ដើម និងអាវុធអាកាស្វាយត្រង់ចំនួន១ដើម គ្រាប់ចំនួន៣១គ្រាប់ ។ លុះដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៦និង២០នាទី កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ទៀត ទី១.ឈ្មោះ សុខ អាចិត្ត ហៅបាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្នង មុខរបរសមាជិកសហគមន៍នេសាទពន្ធជា រស់នៅភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ជាជនដៃដល់បាញ់ ទៅលើជនរងគ្រោះ ទី២.ឈ្មោះត្រើត ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិព្នងមុខរបរជាប្រជាជនរស់ភូមិ-ឃុំជាមួយ ជនដៃដល់ ជាអ្នកបើកទូក ឲ្យជនដៃដល់ពេលធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំភ្លើង អាការស្វាយត្រង់បាញ់រះទៅលើជនរងគ្រោះចំនួន៧គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់មែន ព្រោះរងគ្រោះ ជាជនល្មើសឆកត្រី ហើយខ្លួនចុះបង្រ្គាបបទល្មើសនេសាទ រីឯឈ្មោះ ទីល ខាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិព្នងជាឪពុកជនដៃដល់ ពុំមានការពាក់ព័ន្ធក្នុងករណីបាញ់នេះឡើយ ៕ ថាច់ យ៉ាត