បន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចដាក់ភាពសង្ស័យ ហើយបានឃាត់ខ្លួនត្រួតពិនិត្យ ទើបដឹងថា ពុំមែនជាជនពិការអ្វីនោះទេ តាមការពិតគឺគេធ្វើជាពិការជើង រំកិលតាមថ្នល់ដើម្បីឲ្យគេអាណិតដាក់ទានតែប៉ុណ្ណោះ ។
កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមដងផ្លូវទីក្រុងប៉ោយប៉ែតតែម្តង យុវជនម្នាក់ កាយសម្បទារឹងមាំ និងល្អជា ដូចគេដូចឯង ប៉ុន្តែមិនបានខិតខំប្រឹងប្រែងរកការងារសុច្ចរឹតទៀងត្រង់ដើម្បីបានប្រាក់នោះទេ ប៉ុន្តែបែរជាមានគំនិតបោកប្រាស់ ដោយបន្លំធ្វើជាពិការជើង រំកិលគ្រប់ច្រកល្ហកតាមផ្លូវនៃទីក្រុងប៉ោយប៉ែត ដើម្បីស្មូម ក៏ដូចជាធ្វើឲ្យគេអាណិតដាក់ទានឲ្យខ្លួនទៅវិញ ។
យុវជនខាងលើនេះ មិនដឹងថា មានឈ្មោះ និងទីលំនៅពិតប្រាកដនៅទីណាឡើយ ត្រូវសមត្ថកិច្ចចាប់ត្រួតពិនិត្យឃើញថា ពុំមានពិការនោះទេ ។ មិនទាន់ដឹងនៅឡើយថា តើសមត្ថកិច្ចត្រូវចាត់ការជាមួយយុវជនខាងលើដោយវិធីណានោះឡើយ ៕ ថាច់ យ៉ាត