ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគួរឲ្យរន្ធត់ ដោយសាររថយន្តកុងតឺន័រ បើកបរស្របទិសគ្នាមកគៀរម៉ូតូដួលបណ្តាលឲ្យបោកក្បាលស្លាប់ និងរបួស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៨និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មានរថយន្តកុងតឺន័រ ១គ្រឿង ម៉ាក HYUNDAI ពណ៌ស-ត្រួយចេក ផ្លាកលេខ ភ្នំពេញ 3C-0630 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅគៀរនឹងម៉ូតូម៉ាក HONDAC-125 ផ្លាកលេខស្វាយរៀង 1I-1894 ពណ៌ខៀវ បើកបរដោយឈ្មោះរស់ សាបុិន ភេទប្រុស អាយុ28ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីកើតទៅលិច បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ូវ សុភក្រ ភេទប្រុស អាយុ22ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង បណ្ដាលអោយរងរបួសធ្ងន់ ។
ក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបានរត់ គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក អ្នករបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យខេត្តស្វាយរៀង ។ រីឯវត្ថុតាងទាំង២គ្រឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន