ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានពលរដ្ឋស្ថិតនៅក្នុងតាមបណ្តោយផ្លូវលេខ ១៥៤ ផ្លូវឌឿងហែម ប្លុក៣៣ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីម្ចាស់ផ្ទះត្រូវបានស្គាល់ឈ្មោះ ស៊ីវ សុផា អាយុ៦៨ឆ្នាំ ។ ស្ត្រូរូបនេះបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានហៅជាងផ្សាដែកមកផ្សាដំបូលផ្ទះ ហើយសង្ស័យថា ករណីនេះ បណ្តាលមកពីកម្ទេចផ្កាភ្លើងដែលជាងផ្សាដែកធ្លាក់ បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង ។
រថយន្តពន្លត់អគ្គិភ័យខណ្ឌដូនពេញ ក៏ដូចសាលារាជធានីភ្នំពេញជាច្រើនគ្រឿងបានចេញមកបាញ់ទឹកអន្តរាគមន៍ភ្លាមៗ មិនឲ្យភ្លើងឆេះរាលដាលទ្រង់ទ្រាយធំនោះឡើយ ៕ ស ដារ៉ា