ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃកម្ពុជា អះអាងថា ការចរចាបញ្ហាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិត ស្បែកជើងឆ្នាំ២០១៧ គិតមកដល់ពេល នេះមិនទាន់ឯកភាពគ្នាពីភាគីពាក់ព័ន្ធនៅឡើយទេ ។
ក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយ គណៈប្រតិភូសហព័ន្ធសហជីពឡាវ កាល ពីថ្ងៃទី២៩ សីហា លោកអ៊ិត សំហេង រដ្ឋ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាអំពីបញ្ហាប្រាក់ឈ្នួល អប្បបរមា ឬហៅថា ប្រាក់ខែគោលឆ្នាំ ២០១៧នេះ មិនមានភាពតានតឹងអ្វីនោះ ទេ ដោយភាគីនីមួយៗមានភាពចាស់ទុំ ហើយក៏មានការយល់ដឹងកាន់តែច្រើនអំពីនីតិវិធីនិងរូបមន្តនៃការលើកយកមកពិភាក្សាដើម្បីដោះស្រាយបញ្ហាប្រាក់ឈ្នួលនេះ ។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីនីតិវិធីនិងកាលបរិច្ឆេទក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧របស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅដើមខែកញ្ញា ឆ្នាំ២០១៦ នឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី ដែលមានសមាជិកស្មើៗគ្នាមកពីភាគីកម្មករនិយោជិតភាគី និយោជក និងភាគីរាជរដ្ឋាភិបាល ។
សេចក្តីប្រកាសព័ត៌មានបន្តថា នៅដើម ខែតុលា ឆ្នាំ២០១៦ដដែល ក៏នឹងមានបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ ឆ្នាំ២០១៧ ។
ក្នុងឆ្នាំ២០១៦កម្មករកម្មការិនីដែល បម្រើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និង ផលិតស្បែកជើងទទួលបានប្រាក់ឈ្នួលគោលចំនួន១៤០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ១៣៥ដុល្លារកំណត់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិង ៥ដុល្លារទៀតគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអ្នកបន្ថែមជូន ៕ ហេង នរិន្ទ្រ