ខេត្តកំពង់ស្ពឺៈ កម្មការិនីម្នាក់បានបាត់ បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងដោយសាររថយន្តដឹកកម្មករ១គ្រឿងបើកបុកហើយកិនពីលើ។ ក្រោយបង្កអ្នក បើកបររថយន្តបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តនិងសាកសពនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង៥១នាទីព្រឹក ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០១៦ ឋិតនៅលើផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ១៣-១៤ចំណុច ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តបង្កម៉ាកបង្កហ៊ីយ៉ាន់ដាយពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ2AG-8815 អ្នកបើកមិនស្គាល់ឈ្មោះ គេចខ្លួនរត់បាត់ ។ ចំណែកនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ 125ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1AZ-8112 ឈ្មោះ ផាន ស្រី ហួយ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅ ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីងនៅឃុំស្លាបលែង ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កធ្វើដំណើរពីត្បូងទៅជើងហើយបានបត់ចូលរោងចក្រវីននីងដ្រាហ្គនពីកើតទៅលិចដល់ចំណុចខាងលើបានបុកម៉ូតូ១ គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលហើយកិនពីលើបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថ កិច្ចបានចុះទៅធ្វើកំណត់ហេតុវាស់វែងតាមនីតិវិធីចំពោះសពបានប្រគល់ឲ្យក្រុមគ្រួសាររងគ្រោះទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ នាររីរងគ្រោះអ្នកបើកម៉ូតូមាន ពាក់មួកសុវត្ថិភាពនិងមានដាក់កញ្ចក់មើលក្រោយត្រឹមត្រូវ។ រថយន្តនិងម៉ូតូខូចខាត កម្រិតស្រាលសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីនារីរងគ្រោះ តាមសន្តិវិធី។
បើតាមប្រភពពីកម្មកដែលជាអ្នកជិះលើរថយន្តបង្កបានលើកឡើងថា អ្នកបើកបរ រថយន្តរូបនេះបើកបរមិនសូវគោរពច្បាប់ ប៉ុន្មានទេ ហើយកាលពីអំឡុងប៉ុន្មានខែមុនក៏ធ្លាប់បើកបុកគេស្លាប់ដូចនេះម្តងហើយរឿងមិនទាន់ដោះស្រាយចប់នៅឡើយ ហើយអ្វីដែលជាបន្ទុកគ្រួសារធ្ងន់នោះគឺរថយន្តនេះទើបតែនឹងទិញមកដឹកកម្មករមិនទាន់បាន មួយខែផងក៏ជួបរឿងបែបនេះម្តងទៀតពិតជាស៊យជាន់ស៊យមែន។
អ្នកបើកបររូបនេះបានបង្ហើបឲ្យដឹងថាឈ្មោះម៉ៅ ភិរុណ អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ៕ សេនាស័ក្តិ
សូមអានបន្ត ៖ ប្រកាសចូលកាន់មុខតំណែងនាយករដ្ឋសាលាខណ្ឌឫស្សីកែវ