ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីគ្រោង ស្ថាបនាផ្លូវបេតុង លើផ្លូវរថភ្លើងចាស់ ប្រវែង៥គីឡូម៉ែត្រ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី ដល់ផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោង ស្ថាបនាផ្លូវបេតុង លើផ្លូវរថភ្លើងដែលចាស់ទ្រុឌទ្រោមមិនដំណើរការ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី  ដល់ផ្លូវជាតិលេខ៥ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យ និងបញ្ហាផ្សេងៗទៀងផងដែរ ហើយការដោះស្រាយផលប៉ះពាល់នេះ មិនតម្រូវឲ្យពលរដ្ឋចាកចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្រ្តអភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងកាត់បន្ថយផលប៉ះពាល់មកនៅកម្រិតទាបបំផុត ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងផ្លូវដែកពីផ្លូវជាតិលេខ៥ មកផ្លូវលេខ៧០ កាលពីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រសាសន៍ថា ៖ អាជ្ញាធររាជធានីភ្នំពេញ រួមនឹងអ្នកបច្ចេកទេស បានចុះពិនិត្យផ្លូវរថភ្លើង ចេញពីតំបន់បឹងកក់ ចំណុចផ្លូវលេខ៧០ ឆ្ពោះទៅផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ៦ ដែលមានប្រវែងជាង ៦ គីឡូម៉ែត្រ។ ការស្ថាបនាផ្លូវនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងផ្លូវដែកនេះ។

លោកអភិបាល បានបន្ថែមថា អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានចក្ខុវិស័យប្រម៉ើលមើលឃើញថា ផ្លូវដែកមួយខ្សែនេះ លែងមានគុណប្រយោជន៍ឬក៏អាចថា មិនមានសកម្មភាពសម្រាប់ដឹកជញ្ជូនដូចពីដើមទៀតទេ ហើយផ្លូវដែកនេះទៀតសោត ក៏បានខូតខាតពុកផុយ មិនអាចនឹងដំណើរផ្លូវដែកបានទៀត។ អាស្រ័យហេតុនេះហើយ ក៏មានការយកចិត្តទុកដាក់ នឹងបានប្រគល់ភារកិច្ច មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ បើកផ្លូវនេះ សម្រាប់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរតែម្តង។

លោកអភិបាល បានបន្ថែមថា ក្រោយពេលចុះពិនិត្យជាក់ស្តែងរួចមក ឃើញថាមានការពាក់ព័ន្ធ ៣ ចំណុច គឺ ១) អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំដកដែកផ្លូវរថភ្លើងចេញ ដោយពិភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីដកដែកចេញ និងពង្រាបផ្លូវនេះ ដើម្បីស្ថាបនាជាផ្លូវបេតុងតែម្តង។ ២) អាជ្ញាធររាជធានីភ្នំពេញ កំពុងតែគិតថា តើការស្ថាបនាផ្លូវនេះយកទំហំប៉ុណ្ណា ដែលសមស្របសម្រាប់ការធ្វើដំណើរ ដែលមានសារសំខាន់ណាស់ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកផ្លូវលេខ៧០ ដែលជួយដោះចរាចរណ៍ច្រើនណាស់ និងចំណុចទី៣ ទន្ទឹមនឹងការដោះស្រាយទំហំផ្លូវនេះ អាជ្ញាធររាជធានី គិតថាត្រូវដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ដោយគ្មានការជម្លៀសប្រជាពលរដ្ឋចេញ ឬក៏ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋចាកចេញពីតំបន់នេះ ទៅកន្លែងផ្សេងទេ គឺខិតខំដោះស្រាយនៅនឹងកន្លែង ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានរស់នៅជាធម្មតា និងផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ ជូនពួកគាត់តែម្តង ហើយអាជ្ញាធរ គឺមានភារកិច្ចតែមួយគត់ ការធ្វើលូ ផ្លូវ ប្រព័ន្ធទឹក ភ្លើង  ដាក់ភ្លើងបំភ្លឺផ្លូវ និងជាពិសេសដោះស្រាយបញ្ហាអនាម័យ សំរាម បរិស្ថាន ហើយតំបន់នេះ បើសិនជាមានបញ្ហាគ្រោះអគ្គិភ័យកើតឡើង មិនមានផ្លូវណាអាចឲ្យរថយន្តពន្លត់អគ្គិភ័យចូលជួយបានឡើយ ដូច្នេះក្នុងនាមជាអាជ្ញាធរ ត្រូវតែដោះស្រាយផ្លូវនេះ ដើម្បីជួយប្រជាពលរដ្ឋ។

លោកសុខ ជា ដែលប្រជាពលរដ្ឋម្នាក់កំពុងរស់នៅលើផ្លូវរថភ្លើងនោះ បានបញ្ចេញទស្សនផ្ទាល់ខ្លួន ដោយបានសម្តែងការអបអរសាទរ និងជំរុញ ចំពោះចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានស្ថាបនាផ្លូវដែកនេះ ទៅជាផ្លូវបេតុងដ៏ស្រស់ស្អាត និងអភិវឌ្ឍន៍ឲ្យបានកាន់តែឆាប់កាន់តែល្អ ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគាត់ដែលកំពុងកើតមានឡើងសព្វថ្ងៃ

នៅពេលដែលសួរថា កន្លែងដែលមានការអភិវឌ្ឍនឹងមានការប៉ះពាល់បន្តិចបន្តួច ប៉ុន្តែបញ្ហាដែលសំខាន់តែងតែមានអ្នកញុះពីក្រោយ ហើយថាតើអាជ្ញាធររាជធានីភ្នំពេញត្រូវដោះស្រាយបែបម៉េចចំពោះបញ្ហានេះ? ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការងារនេះចៀសមិនផុត ហើយយើងនឹងប្រជុំពិភាក្សាផ្ទាល់ ជាមួយសហគមន៍ ដែលរស់នៅផ្ទាល់លើផ្លូវរថភ្លើង ដើម្បីឲ្យពួកគាត់ចូលរួមផ្តល់យោបល់ ថាតើតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ ធ្វើបែបណាទទួលបានយកទាំងអស់គ្នា ហើយក្នុងនាមអាជ្ញាធររាជធានី ដែលជាអាណាព្យាបាល ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការប៉ះពាល់ឲ្យបានកម្រិតខ្ពស់បំផុត ដោយផលប្រយោជន៍រួមនេះ បានធានាមានប្រសិទ្ធភាព។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវរថភ្លើង ដែលត្រូវស្ថាបនាជាផ្លូវបេតុងនេះ ត្រូវធ្វើឡើងដោយចែកចេញជា ២ តំណាក់កាល ក្នុងនោះតំណាក់កាលទី១ ស្ថាបនាចាប់ពីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដល់ផ្លូវលេខ៧០ ដែលមានប្រវែងជាង ៤.៦០០ ម៉ែត្រ។ តំណាក់កាលទី២ ស្ថាបនាចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍតំបន់នេះ មានផលប្រយោជន៍ច្រើនណាស់ ដោយមិនត្រឹមតែមាន ផ្លូវស្រួលក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលនៅសល់ដីពីការអភិវឌ្ឍ និងធ្វើប័ណ្ណកម្មសិទ្ធិឲ្យថែមទៀតផង។ ចំណែកអ្នកដែលរងផលប៉ះពាល់ទាំងស្រុងវិញ នឹងត្រូវចល័តទៅកន្លែងមួយ ផ្សេងទៀត ប៉ុន្តែស្ថិតនៅតាមផ្លូវដែលគ្រោងស្ថាបនា
នេះដដែល។ អាជ្ញាធររាជធានី ជាញឹកញយ បានជំរុញឲ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះ ពិចារណាឲ្យបានលឿនដើម្បីឈាន ទៅស្ថាបនាផ្លូវឲ្យបានឆាប់ ដើម្បីដោះស្រាយការលំបាករបស់ប្រជា ពលរដ្ឋ ដែលគ្មានផ្លូវធ្វើ ចរាចរណ៍ ត្រឹមត្រូវ៕      សំរិត

 

image7 image6 image5 image4 image3 image2 image1 image8


ចែករំលែក៖