ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្ដកាមរីឆ្លាមបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៧ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំ ហើយបើករថយន្ដកាមរីឆ្លាមក្នុងល្បឿនលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៧ផ្ទាំង ធ្លាយទៅផ្លូវម្ខាងទៀតរាយប៉ាយពេញផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងនោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ខាងមុខហាងលក់នាឡិកា KN ក្នុងសង្កាត់អូឬស្សីទ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាកកាមរីឆ្លាម ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-4435 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់អស់ចំនួន៧ផ្ទាំងប៉ើុងរាយប៉ាយពេញផ្លូវ ហើយរថយន្ដធ្លាយពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀតរងការខូចខាត តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ ។
ប្រភពដដែលបានបន្តថាក្រោយពីបង្កហេតុម្ចាស់រថយន្ដបានហៅអ្នកដែលនៅជិតកន្លែងកើតហេតុអោយជួយរុញរថយន្ដចេញពីកន្លែងកើតហេតុយកទៅទុកនៅខាងមុខពេទ្យធ្មេញ ចាន់ សុខុម តាមបណ្ដោយផ្លូវលេខ៨១ កែងនឹងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សាថ្មីទី២ ខណ្ឌដូនពេញ ហើយម្ចាស់គេចខ្លួនបាត់។
ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់៕ ជីម ភារ៉ា ដង្កោ
IMG_3437 IMG_3436 IMG_3438 IMG_3435 IMG_3439

ចែករំលែក៖