ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ឡើងទៅលើផ្ទះថ្វាយបង្គំព្រះបាត់មួយសន្ទុះ មិនឃើញចុះមកហូបបាយដូចសព្វមួយដងធ្វើឲ្យស្ត្រីជាប្រពន្ធ និង កូនមានការសង្ស័យ ក៏ឡើងទៅតាមមើលប្រទះឃើញចង.កស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ណេង ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានប្រពន្ធឈ្មោះ ហ៊ឹម ណុន អាយុ៦៥ឆ្នាំ មានកូន៥នាក់(ប្រុស៤-ស្រី១) បច្ចុប្បន្នរស់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះជាមនុស្សមានជម្ងឺប្រចាំកាយ(ជម្ងឺលើសឈាម) ។ នៅមុនពេលកើតហេតុជនរងគ្រោះបានដើរឡើងទៅលើផ្ទះ ដើម្បីថ្វាយបង្គំព្រះដូចសព្វមួយដង រីឯស្ត្រីជាប្រពន្ធនិងកូននៅរៀបចំដាំបាយធ្វើម្ហូបនៅក្នុងផ្ទះបាយខាងក្រោមផ្ទះ ។ បន្ទាប់ពីធ្វើម្ហូបអាហារឆ្អិនមិនឃើញជនរងគ្រោះចុះមកហូប ក៏ររបស់ជនរងគ្រោះបានដើរឡើងទៅលើផ្ទះក្នុងគោលបំណងហៅឪពុកឲ្យចុះមកពិសារបាយ ខណៈឡើងទៅដល់ទ្វារផ្ទះជាប់គន្លឹះពីក្នុងក៏ពឹងឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ឡើងទៅតាមចន្លោះក្តារចូលទៅបើកទ្វារផ្ទះ គ្រានោះក៏ប្រទះឃើញជនរងគ្រោះជាឪពុកចង.កស្លាប់នៅលើធ្នឹមផ្ទះបាត់ទៅហើយ ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ