ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វេីជូនតាមសន្យា ផ្តល់សមិទ្ធផលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលខ្ញុំបានសន្យាធ្វើជូនកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលធ្វើដំណើរចុះពិនិត្យសកម្មភាពជួសជុលផ្លូវរបស់កងវិស្វកម្មអគ្គបញ្ជាការ និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះតាមបណ្តាញសង្គម ប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ ខ្ញុំសូមអរគុណដល់កងវិស្វកម្មអគ្គបញ្ជាការ ដែលបានជួយកសាងនូវសំណង់ទាំងនេះបានយ៉ាងឆាប់រហ័ស ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូននគរបាលព្រំដែននៅប៉ុស្តិ៍ទាំងពីរខាងលើ។ 

កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងថា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស គ្មានអ្វីក្រៅពីបុព្វហេតុធ្វើឱ្យខ្មែរខ្លាំង ខ្មែររួមគ្នា ការធានាបាននូវកិត្យានុភាព សាមគ្គីឯកភាពជាតិជាមូលដ្ឋាននៅក្នុងការលើកតម្កើងឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ហើយកម្ពុជាខ្លួនឯងគឺត្រូវតែធ្វើដោយមិនពឹងអ្នកណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់ នៅមានការព្រួយបារម្ភអំពីការបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាពរបស់កម្ពុជាពីការកសាងគម្រោងព្រែកជីកហ្វូណនជាដើម ។ ជាក់ស្តែង បងប្អូនភាគតិចឬភាគច្រើនដែលគាំទ្រឬមិនគាំទ្របងប្អូននៅតែជាខ្មែរ ពោលគឺបងប្អូនមានសិទ្ធិបញ្ចេញទស្សនៈរបស់ខ្លួន កង្វល់ និងមន្ទិលសង្ស័យ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងធ្វើអ្វីមួយដែលតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយយើងនឹងបន្តធ្វើគម្រោងនេះដើម្បីឱ្យលេចចេញជារូបរាង ដើម្បីឱ្យផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍ប្រជាជនយើង ទាំងអ្នកគាំទ្រនិងអ្នកដែលស្រពិចស្រពិល បានឃើញជាក់ស្តែងថា គម្រោងនេះគ្មានអ្វីក្រៅពីលើកកម្រិតឯករាជ្យភាពរបស់កម្ពុជានៅក្នុងវិស័យដឹកជញ្ជូននោះឡើយ។

សម្តេចធិបតីបញ្ជាក់ថា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺក្នុងគោលបំណង រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ដោយ ៖ សិលា


ចែករំលែក៖