ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថដេញបង្ក្រាបជនសង្ស័យគ្រឿងញៀន រត់ជ្រុះកាំភ្លើងហ្គាស ផ្អើលពលរដ្ឋជួយដេញចាប់ប្រគល់ឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាប្លន់ប្រដាប់អាវុធចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ រួមជាមួយប្រជាពលរដ្ឋប្រដេញតាមចាប់ឃាត់ខ្លួន ធ្វើឲ្យជនសង្ស័យភិតភ័យព្យាយាមបើកម៉ូតូរត់គេចតែលឿនជ្រុល ទៅបុកម៉ូតូ មួយគ្រឿងដែកម្ចាស់ចតទុកចោល កន្លែងបញ្ចូលបទភ្លេង បណ្តាលឲ្យជនសង្ស័យដួល ជ្រុះកាបូប ដែលមានកាំភ្លើង ប្រើហ្គាស មួយដើមនៅខាងក្នុង ហើយជនសង្ស័យរត់ទៅរើស ពលរដ្ឋឃើញហេតុការណ៍ ស្មានតែ រើសកាំភ្លើងធ្វើសកម្មភាព ក្នុងហេតុការណ៍ស្លន់ស្លោរ ទើបនាំគ្នាចាប់ ព្រួតវាយ ចាប់ឃាត់ខ្លួន ប្រគល់ឲ្យប៉ូលិសខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចស្ពាន ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើ ទី១ឈ្មោះ  ធូ បូរិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ទី២ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា  ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យទាំង២នាក់ ជិះមូ៉តូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-9277ពីត្បូងទៅជើង លើកំណាត់ផ្លូវ ផ្សារទួលពង្រ ដោយក្រឡេកឃើញ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋាន ធ្វើឲ្យជនសង្ស័យ ព្យាយាមបើកម៉ូតូរត់ ដោយស្គាល់ ជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន ភ្លាមៗ ត្រូវបានកម្លាំងអាវុធហត្ថដេញតាម ធ្វើឲ្យជនសង្ស័យភ័យ បើកម៉ូតូរត់ ជ្រុលទៅប៉ះម៉ូតូមួយគ្រឿង ដួលហើយលើកម៉ូតូបន្តបើករត់ ដល់ចំណុចកើតហេតុ លឿនជ្រុលទៅបុកម៉ូតូ ដែលម្ចាស់ចតទុកចោលនៅមុខកន្លែងបញ្ចូលបទភ្លេង ធ្វើឲ្យដួល ជ្រុះធ្លាក់កាំភ្លើងខ្លីប្រើហ្គាស ពេលនោះជនសង្ស័យស្ទុះទៅរើសកាំភ្លើង ឃើញដូច្នោះ ពលរដ្ឋនៅកន្លែងកើតហេតុ ស្មានតែកាំភ្លើងមែនទែន ជនសង្ស័យរើសយកមកធ្វើសកម្មភាព នាំគ្បាស្ទះទៅចាប់បានម្នាក់ ហើយម្នាក់ទៀតបម្រុងរត់គេច ធ្វើឲ្យពលរដ្ឋកាន់រែសង្ស័យ ដេញតាមចាប់ខ្លួន ភ្លាមៗ វាយសំពងយ៉ាងចាស់ដៃរួចប្រគល់ឲ្យនគរបាល ខណ្ឌពោធិ៍សែនជ័យ ខណៈដែលកំពុងបង្ក្រាបគ្រឿងញៀនក្បែរនោះស្រាប់ ។

ជនសង្ស័យទាំង២នាក់ និងម៉ូតូមួយគ្រឿង ត្រូវបាននគរបាល នាំខ្លួនទៅកាន់ផ្នែកជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ៕ សុខាសែនជ័យ

 

image3 image2 image1

 


ចែករំលែក៖