ព័ត៌មានទាន់ហេតុការណ៍៖

ក្រពើភ្នំពូជសុទ្ធជិត ២០០ក្បាល ត្រូវបានអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ដោះលែងចូលទៅក្នុងទីជម្រកធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្រពើភ្នំពូជសុទ្ធជិត ២០០ក្បាល ត្រូវបានអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ដោះលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្ស នៅតំបន់ជួរភ្នំក្រវាញ និងមានសំបុកពងកូនក្រពើភ្នំ ៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញ។

សូមបញ្ជាក់ថា៖ កន្លងទៅ ២៥ឆ្នាំ កម្ពុជាបង្កាត់ពូជក្រពើភ្នំបាន៥០០ក្បាល ។ រយៈពេល២៥ឆ្នាំមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) បង្កាត់ពូជក្រពើភ្នំបាន៥០០ក្បាល។ នេះជាភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា ស្របពេលដែលល្មូនប្រភេទនេះ កំពុងរងគ្រោះជិតផុតពូជនៅលើពិភពលោក (IUCN)។

តាមរយៈវីដេអូឯកសារ«ខួប២៥ឆ្នាំភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការ FFI បានលើកឡើងថា រយៈពេល២៥ឆ្នាំកន្លងមកនេះ FFI បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីអភិរក្សក្រពើភ្នំដែលជិតផុតពូជពីធម្មជាតិ រហូតមានកំណើនជាបន្តបន្ទាប់។

បើតាមការរៀបរាប់របស់ លោក Pablo ដំបូងឡើយ ក្រពើភ្នំត្រូវបានគេសន្និដ្ឋានថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយ។ តែនៅឆ្នាំ២០០០ FFI បានសហការជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន រកឃើញសត្វក្រពើភ្នំចំនួនតិចតួចរស់នៅក្នុងតំបន់ព្រៃដាច់ស្រយាលនៃតំបន់ជួរភ្នំក្រវាញ។ ពេលនោះហើយ FFI ក៏សម្រេចបង្កើតកម្មវិធីអភិរក្សក្រពើភ្នំ ដែលគិតមកទល់ពេលនេះរយៈពេល២៥ឆ្នាំ។

បច្ចុប្បន្ន FFI កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើកិច្ចការពារជម្រកក្រពើភ្នំ និងបានបង្កាត់ពូជសត្វក្រពើភ្នំសុទ្ធ ដើម្បីលែងចូលព្រៃធម្មជាតិវិញ។ អង្គការមួយនេះ ក៏បានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ  ដូចជាផ្កាយរណប និងឧបករណ៍កត់ត្រាការផ្លាស់ទីរបស់ក្រពើភ្នំ, ការធ្វើតេស្តបច្ចេកវិទ្យាសេនេទិចបរិស្ថាន ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖