ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកចុងឈ្លោះជាមួយម្តាយនិងវាយធ្វើបាបប្អូនកូនច្បងយកកន្ត្រៃចាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីផឹកស្រាស្រវឹងហើយឈ្លោះប្រកែក ជាមួយប្រពន្ធលុះពេលកូនដើមមកឃាត់បែរជាវាយធ្វើបាបធ្វើឲ្យកូនច្បងមកទាន់យក កន្ត្រៃកាត់ក្រចកចាក់ឪពុកចុងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២៥ នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សាន ម៉ាលីន អាយុ ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធ ឈ្មោះ ចាន់ នឿន អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ដូចគ្នា។ ចំណែកជនដៃដល់ជាកូនរបស់ប្តីមុនឈ្មោះ ប៊ុន សេង អាយុ១៨ឆ្នាំ ។

ស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់មានប្តី មុនបានកូន៤នាក់គឺស្រី២នាក់ប្រុស២នាក់ ហើយប្តីគាត់តែងតែដើរលេងបៀមិនគិត រកស៊ីចិញ្ចឹមប្រពន្ធកូនទេក៏បានលែងលះគ្នាធ្លាក់ខ្លួនជាស្ត្រីមេម៉ាយមកកូន៤នាក់។ បន្ទាប់ពីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយក៏បានស្គាល់ គ្នាជាមួយឈ្មោះ សាន ម៉ាលីន ជាបុរស ពោះម៉ាយ មានកូនស្រីម្នាក់អាយុជាង១០ឆ្នាំហើយក៏បានយកគ្នាជាប្តីប្រពន្ធអស់រយៈពេល៧ឆ្នាំមកហើយតែមិនទាន់មានកូនទេគឺរស់នៅជុំគ្នាជា មួយកូនរបស់គាត់ទាំង ៤នាក់ ចំណែកកូនស្រីរបស់ប្តីរស់នៅស្រុកកំណើតឯណោះ ។

ស្ត្រីរូបនេះបានឲ្យដឹងទៀតថា ប្តីគាត់តែងតែផឹកស្រាជាប្រចាំគ្មានសុភមង្គលនៅក្នុងគ្រួសារទេរហូតធ្វើឲ្យគាត់ខូចចិត្តចេះផឹកស្រាដែរ។ នៅថ្ងៃកើតហេតុគាត់បានទៅជួយធ្វើការប្តីរហូតដល់ចប់ម៉ោង ហើយ បានអង្គុយផឹកស៊ីជាមួយស្រីៗជាកម្មករ សំណង់ដូចគ្នា។ ចំណែកបុរសជាប្តីបានផឹកស៊ីជាមួយមិត្តភក្តិប្រុសៗមួយវង់ផ្សេងទៀត។ លុះផឹកស្រាស្រវឹងហើយគាត់បានដើរទៅសុំលុយ១ម៉ឺនរៀលពីប្តីដើម្បីយកទៅទិញម្ហូបហូបបាយទាំងអស់គ្នា។ ពេល នោះបុរសជាប្តីបានសួរថា យកលុយទៅ ណាអញអត់មានលុយទេ! ពេលនោះគាត់ ក៏បានសួរថា ចុះលុយដែលទើបនឹងបើក ល្ងាចមិញនោះឯងយកទៅណា? ខ្ញុំយកទៅទិញម្ហូបស៊ីទាំងអស់គ្នាតើ? ពាក្យសម្តីនេះធ្វើឲ្យមានការឈ្លោះប្រកែកគ្នាហើយស្របពេលនោះកូនប្រុសឈ្មោះ ប៊ុន តូច អាយុ១៣ឆ្នាំ បានដើរមកឃើញឪពុកម្តាយឈ្លោះប្រកែកគ្នាក៏បាននិយាយថា មួយថ្ងៃៗ គិតតែពីឈ្លោះប្រកែកគ្នាគ្មានសុភមង្គល សោះ។ សម្តីនេះធ្វើឲ្យបុរសជាឪពុកចុងខឹង ក៏បានចាប់កូនប្រុសបោកពេលឃើញ ដូច្នេះកូនប្រុសច្បងឈ្មោះ ប៊ុន សេង អាយុ ១៨ឆ្នាំ ឃើញឪពុកចុងវាយប្អូនប្រុសក៏បាន យកកន្ត្រៃកាត់ក្រចកដែលមានចុងស្រួចចាក់ឪពុកចុងបណ្តាលឲ្យរងរបួសធ្ងន់ ។

អ្នកជិតខាងបាននិយាយថា ប្តីប្រពន្ធខាងលើនេះតែងតែឈ្លោះប្រកែកគ្នាស្ទើរ រាល់ថ្ងៃដោយសារតែរឿងលុយកាក់ ហើយពួកគាត់តែងផឹកស្រាទាំង២នាក់ទៀតស្រវឹងពេលណាតែងតែឈ្លោះប្រកែកគ្នាប្រើអំពើហិង្សាវាយប្រពន្ធកូន។ នៅថ្ងៃកើតហេតុ ពេលកំពុងតែផឹកស្រាថ្នាំទាំង២នាក់ប្តីប្រពន្ធ ដោយសារតែប្រពន្ធទៅសុំលុយ១ម៉ឺនរៀលទើបបណ្តាលឲ្យឈ្លោះប្រកែកគ្នារហូតកើត ជាអំពើហិង្សាធ្វើឲ្យកូនប្រុសច្បងខឹងពេកយកកូនកន្ត្រៃចាក់ឪពុកចុងចំនួន២កន្លែង របួសសៀតផ្កាខាងឆ្វេង និងក្បាលពោះ ។

ក្រោយពេលកើតហេតុអ្នកជិតខាងបាន ហៅរថយន្តសង្គ្រោះដឹកបុរសរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកកូន ប្រុសទាំង២នាក់ និងម្តាយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងទើបដឹងថា កូន ប្រុសច្បងជាជនដៃដល់សមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសច្បងកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់។ ចំណែកស្ត្រីជា ប្រពន្ធនិងកូនប្រុសប្អូនត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ៕សុខាសែនជ័យ

 

image1


ចែករំលែក៖