ខេត្តកំពត ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកក្រឹសបានចោទប្រកាន់មេឃុំព្រែកត្រឹស ស្រុកកំពង់ត្រាចយកអំណាច និង ឥទ្ធិពលជាមេឃុំទៅកាងវង់ល្បែងស៊ីសងឲ្យ
កូនដែលជាការបំពានទៅនឹងគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ។
ក្រុមអ្នកភូមិក៏ដូចជាមន្ត្រីឃុំបានឲ្យឲ្យដឹងថា ទីតាំងល្បែងបញ្ជល់មាន់ អាប៉ោង និងយូគីនោះមានទីតាំងនៅក្នុងភូមិតន់ ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចទល់ មុខនឹងសាលាឃុំតែម្តងគ្រប់គ្រងដោយឈ្មោះ សេក ប៊ុនធឿន ហៅចូច ដែលគេ ស្គាល់ថា ជាកូនប្រុសបង្កើតរបស់លោក សេក ឈិន ដែលត្រូវជាមេឃុំតំបន់នោះ។ ជាមួយគ្នាពួកគាត់ក៏បានប្រាប់ឲ្យដឹងផង ដែរថា ការរស់នៅសព្វថ្ងៃត្រូវបានរំខាន ដោយសារទីតាំងល្បែងស៊ីសងមួយនេះ ដោយក្នុងនោះ ទី១-ពួកគាត់បានជួបការ លំបាកដោយសារការដាក់យានជំនិះរាយប៉ាយបាំងផ្លូវចេញចូលផ្ទះ, ទី២-អ្នកលេង ស្រែកហោកញ្ជ្រៀវរំខានដំណេក និង អារម្មណ៍ និងទី៣-មានការលួចគាស់ទូ និង បាត់សម្ភារតាមផ្ទះជាញឹកញាប់។
អ្នកភូមិបានបន្តថា កន្លងទៅពួកគាត់ ធ្លាប់បានប្ដឹងទៅអាជ្ញាធរដែរចំពោះករណីនេះប៉ុន្តែពុំត្រូវបានអាជ្ញាធរសមត្ថកិច្ចយកចិត្តទុកដាក់ឡើយក្រៅតែបានត្រឹមតែប្រើ ពាក្យថា វាមិនស្អីនោះទេ គេលេងតែគេ យើងដេកតែយើង ។
លោក ជ័យ រិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកត្រឹសបានទទួលស្គាល់ថា ពិត ជាមានទីតាំងល្បែងស៊ីសងមែនក៏ប៉ុន្តែលោកពិបាកនឹងបកស្រាយជូនខ្លាំងណាស់ ព្រោះរឿងនេះមានពាក់ព័ន្ធនឹងខ្សែលោកមេឃុំ ។
លោក សេក ឈិន មេឃុំព្រែកត្រឹស បានទទួលស្គាល់ថា សង្វៀនបញ្ជល់មាន់ និងល្បែងទាំងនោះពិតជារបស់កូនប្រុសលោកប្រាកដមែន ប៉ុន្តែពុំជាប់ពាក់ព័ន្ធ នឹងរូបលោកដូចការចោទប្រកាន់ឡើយ ហើយមិនមែនមានត្រឹមប៉ុណ្ណេះទេ សូម្បី តែមន្ត្រីសមត្ថកិច្ចខេត្តកំពតក៏មកចូលរួមលេងនៅទីនោះដែរ។ លោកមេឃុំបន្តថា អាជ្ញាធរបានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបទីតាំងល្បែងរបស់កូនលោកនេះដែរ ក៏ប៉ុន្តែ សមត្ថកិច្ចបែរជាមិនធ្វើ ៕ ហេង នរិន្ទ្រ