ព័ត៌មានទាន់ហេតុការណ៍៖

គេទុកដេប៉ូឈើអត់ច្បាប់ធំមួយនៅក្នុងក្រុងព្រះវិហារសម្រាប់ចិញ្ចឹមឆ្នាំងបាយ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ដេប៉ូប្រមូលទិញលក់ ឈើអារលេខ១ និងលេខ២ទ្រង់ទ្រាយធំ មួយកន្លែងរបស់ឈ្មួញដុះស្លែ ស្ថិតនៅភូមិ ស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារត្រូវគេបង្ហើបថាពុំមានច្បាប់អនុញ្ញាត ពីរដ្ឋបាលព្រៃឈើនោះទេ ។

ដេប៉ូឈើខុសច្បាប់នេះដំណើរការយ៉ាងរលូនជិត២៦ឆ្នាំមកហើយ ដោយគ្រាន់តែម្ចាស់ដេប៉ូឈើរត់ការបង់លុយក្រោមតុ ប្រចាំខែ ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ ព័ន្ធមួយចំនួនដើម្បីចែកគ្នាចិញ្ចឹមឆ្នាំងបាយ ។

ប្រភពបង្ហើបថា ឈើអារលេខ១ និង លេខ២ ប្រភេទឈើក្តារ និង ឈើផ្ទោង ប្រវែង៤ទៅ៦ម៉ែត្រ ត្រូវបានម្ចាស់ដេប៉ូឈើ ឈ្មោះ ចំរើន ហៅ តាធំ ប្រមូលទិញពីឃុំ ពោធិ៍ និងឃុំប្រមេរ ស្រុកត្បែងមានជ័យ ។ ឈើទាំងនោះ ជនខិលខូចបានកាប់បំផ្លាញដឹកចេញពីព្រៃឈើការពារព្រះរកា គ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងរូបភាពដឹកជញ្ជូនឈើអារតាមគោយន្តកន្ត្រៃប្រមាណ១០គ្រឿងរាល់យប់រាល់ថ្ងៃយកមកលក់ឲ្យឈ្មួញឈើឈ្មោះតាធំ តែមិនដែលឃើញសមត្ថកិច្ចជំនាញចុះបង្ក្រាបនិងបិទអាជីវកម្មម្តងណាទេ បើទោះជាអត់ច្បាប់ក៏ដោយ ។

ប្រភពបន្តថា ដេប៉ូឈើខាងលើនេះ ដំណើរការទិញលក់យ៉ាងរលូនដឹកឈើតាមរ៉ឺម៉កម៉ូតូយកទៅឲ្យអ្នកទិញនៅទូទាំងទីរួមខេត្តព្រះវិហារដល់លំនៅឋានតាមការកុម្ម៉ង់ទិញ តែសមត្ថកិច្ចពាក់ព័ន្ធស្ងាត់ជ្រាប ។

ប្រភពបញ្ជាក់ថា ឈើអារលេខ១ប្រភេទគគីរទិញចូលថ្លៃ៦០ម៉ឺនរៀល ក្នុង១ម៉ែត្រ គូប ហើយលក់ចេញវិញថ្លៃ៨០ម៉ឺនរៀលក្នុង១ម៉ែត្រគូបធ្វើឲ្យមេឈ្មួញឈើឈ្មោះតាធំសប្បាយកើបលុយរាល់ថ្ងៃដោយសារមិនចាំបាច់បង់ពន្ធថ្លៃឈើឲ្យរដ្ឋ ។

ប្រភពបន្តថា ដេប៉ូប្រមូលទិញលក់ឈើខុសច្បាប់ទ្រង់ទ្រាយធំនេះ នៅកណ្តាលវាលក្នុងក្រុងព្រះវិហារហើយ មិនមែនមេព្រៃ និង សមត្ថកិច្ចផ្សេងទៀតមិនដឹងនិងមើលមិនឃើញនោះទេ តែសង្ស័យរក្សាទុកដើម្បី ចិញ្ចឹមឆ្នាំងបាយទើបមិនបង្ក្រាប ។

ជុំវិញព័ត៌មានដេប៉ូឈើអត់ច្បាប់ហើយមិនត្រូវបានបង្ក្រាបនេះអ្នកយកព័ត៌មាន មិនអាចរកការពន្យល់ពីមន្រ្តីពាក់ព័ន្ធផ្នែក គ្រប់គ្រងដេប៉ូឈើក្នុងខេត្តបានទេ ៕  សហការី

Preah Vihear (2) Preah Vihear (1)

 

 

 


ចែករំលែក៖