ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រាប់បែកផ្ទុះ​ចំកណ្តាលផ្លូវលេខ១៦៣ របួសមនុស្ស៣នាក់ ខូចខាតរថយន្ត៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រាប់បែកបានផ្ទុះនៅចំកណ្តាលផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មុខហាងអាស៊ីគំនូរផ្សាយពាណិជ្ជកម្ម ពុំទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ខណៈមានមនុស្សយ៉ាងតិចចំនួន៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្ត៣គ្រឿងទៀតរងការខូចខាតបណ្តាលឲ្យបែកកង់ បែកកញ្ចក់ និងស្នាមអំបែងគ្រាប់បែកជាច្រើនទៀតកាលពីវេលាម៉ោង១៩ និង៤០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្រោយពីកើតហេតុ គេបានឃើញវត្តមានរបស់លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង លោក លី សុផាន់ណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងបានដឹកនាំកម្លាំងចម្រុះចុះទៅដល់កន្លែងកើតហេតុ បញ្ជាឲ្យហ៊ុំព័ទ្ធទីតាំងដើម្បីពិនិត្យទីតាំងកន្លែងគ្រាប់បែកផ្ទុះ សាកសួរព័ត៌មានអ្នកនៅជុំវិញ និងកត់កំណត់ហេតុប្រមូលភស្តុតាង ។

សមត្ថកិច្ចរួមមាន នគរបាល និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ក៏ដូចជានគរបាលក្រសួងមហាផ្ទៃ កម្លាំងកងរាជអាវុធហត្ថរាជធានី និងលើផ្ទៃប្រទេស បានចុះមកពិនិត្យដោយយកចិត្តទុកដាក់ ហើយសមត្ថកិច្ចបានហ៊ុំព័ទ្ធទីតាំងបិទផ្លូវលេខ១៦៣យ៉ាងតិចជិត៤០០ម៉ែត្រ មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ ខណៈពិនិត្យកន្លែងកើតហេតុ និងឆែកមើលកាមរ៉ាសុវត្ថិភាព ។

តាមរយៈវីដេអូកាមរ៉ាសុវត្ថិភាព គេឃើញជនសង្ស័យជិះម៉ូតូ២គ្រឿងធ្វើដំណើរទន្ទឹមគ្នា  បានទម្លាក់គ្រាប់បែកនៅចំកណ្តាលផ្លូវ ស្របពេលរថយន្តឡិចស៊ីស RX 400 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U- 7352 បើកមកបញ្ច្រាសទិសគ្នា ជិតនឹងគ្រាប់បែកធ្លាក់ ក៏បណ្តាលឲ្យផ្ទុះលាន់រំពងឡើង ធ្វើឲ្យរថយន្តមួយគ្រឿងនេះបែកកង់ទាំង២នៅផ្នែកខាងឆ្វេង ជាមួយនឹងស្នាមអំបែងជះទៅលើទ្វារ និងកញ្ចក់ថែមទៀត ហើយជ្រុលដំណើរប្រវែងជា៤០ម៉ែត្រពីករណីផ្ទុះគ្រាប់បែក រថយន្តមួយគ្រឿងនេះត្រូវបានឈប់ ហើយអ្នកបើកបរ ក៏ពុំដឹងថា ចេញទៅណា ហើយមានអត្តសញ្ញាណអ្វីនោះឡើយ ។ ដោយឡែករថយន្តចំនួន២គ្រឿងទៀត ដែលចតចោលទន្ទឹមគ្នា លើចិញ្ចើមផ្លូវជាប់នឹងកន្លែងកើតហេតុ គឺរថយន្តតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7136 បានបែកកង់ខាងឆ្វេងផ្នែកខាងក្រោយ និងមានស្នាមជះអំបែងជាច្រើនកន្លែងទៀត ។ ចំពោះរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីឡុច វីហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6775 បានរងការខូចខាតកញ្ចក់ផ្នែកខាងឆ្វេងទាំងពីរទាំងស្រុង ជាមួយនឹងស្នាមអំបែងជះត្រូវជាច្រើនកន្លែងទៀតដូចគ្នា ។ ដោយឡែក រថយន្តហាយឡេនឌ័រមួយគ្រឿងទៀតពណ៌ខ្មៅ មិនចាំស្លាកលេខ ភ្លាមៗនោះបានរងនូវអំបែងគ្រាប់បែក ត្រូវម៉ាស៊ីនផ្នែកកាទែរ បណ្តាលឲ្យបែកធ្លាយហូរប្រេងម៉ាស៊ីន ប៉ុន្តែអ្នកបើកបរ បានឈប់បន្តិច រួចក៏បន្តធ្វើដំណើរទាំងប្រេងម៉ាស៊ីនហូរចេញពីកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុកាណ៍នេះ មានចំនួន៣នាក់ ទី១ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២ ឈ្មោះ ម៉ីង ហូវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ខោអាវបោះដុំក្នុងហាងនៅផ្សារអូឫស្សី ស្នាក់នៅម្តុំទួលទំពូង ខណ្ឌចំការមន និងទី៣ ឈ្មោះ DHAMENDRA SINGH KSHETRIMAYUM ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ជនរងគ្រោះ សមត្ថកិច្ចអះអាងថា ពួកគាត់ជាអ្នកធ្វើដំណើរតាមផ្លូវ ។

ហេតុការណ៍ទម្លាក់គ្រាប់បែកឲ្យផ្ទុះនេះ មិនទាន់មានការអះអាងបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ នៅកន្លែងកើតហេតុចាប់ពីម៉ោង១៩និង៤០នាទី រហូតដល់ម៉ោង២៣ ។ ប៉ុន្តែ វត្តមានរបស់លោកស្នងការ ជាមួយនឹងតំណាងអយ្យការ អ្នកនាំពាក្យអយ្យការអមសាលាដំបូង និងលោក ឃួង ស្រេង អភិបាលរងរាជធានី ក៏បានចាកចេញពីកន្លែងកើតហេតុ រួចបញ្ជាឲ្យសមត្ថកិច្ចនៅបន្តយាមកាមដ៏តឹងតែងកន្លែងកើតហេតុ ។

អ្នកកាសែតជាតិ អន្តរជាតិបានទៅកាន់ទីនោះយ៉ាងច្រើនកុះករ ពួកគេបានព្យាយាមសួរដេញដោលសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំនៅទីនោះ ប៉ុន្តែមិនបានទទួលការបញ្ជាក់លម្អិតក្នុងរឿងនេះនៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែយកចិត្តទុកដាក់ក្តោបតាមដានស្រាវជ្រាវនូវក្រុមមុខសញ្ញានេះ ៕ ស រស្មី

 

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1168095936546176/” width=”600″ height=”400″ onlyvideo=”1″]

 

 


ចែករំលែក៖