ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជូនខ្លួនជនសង្ស័យ ដែលជា ឃាតក ចាក់សម្លាប់បុរសម្នាក់ ជាមិត្តភក្តិនឹងគ្នា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យដែលជាឃាតកឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ បុគ្គលិកម៉ាស្សា ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង៣០នាទី នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃាត កម្មមួយ ដោយជនសង្ស័យម្នាក់ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួច ចាក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។នៅក្នុងសកម្មភាពជនសង្ស័យបាន ភ្ជុងគំរាមយកទូរស័ព្ទពីជនរងគ្រោះហើយគេចខ្លួនបាត់ ។ បន្ទាប់ពីមានឃាតកម្ម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្ម ទណ្ឌកំរិតធ្ងន់ និងកំរិតស្រាលនៅស្នងការនគរបាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅសហការ ជាមួយនគរបាលស្រុកមុខកំពូល ខេត្តណ្តាល ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥បន្ទាប់ពីជនសង្ស័យបានគេចខ្លួនទៅសម្ងំលាក់ ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត ។ បន្ទាប់ពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងទាំងនោះរួមមាន ៖ ទូរស័ព្ទដៃចំនួន០៥ គ្រឿង , កាំបិតចុងស្រួចមានដងជ័រចំនួន០២ ដើម , ម៉ូតូម៉ាក០១គ្រឿង ម៉ាក ស៊ុយស៊ូគី វីវ៉ា ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 1H-9760 ,មួកសុវត្ថិភាព ចំនួន ០១។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា